ឯកឧត្តម នេត្រ ភក្ត្រា អោយដឹងថា ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជា ចេញពីបញ្ជីប្រផេះ

 (ព្រះសីហនុ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។

ការបញ្ជាក់បែបតបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតី ភាពបើកវគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់ មកពីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ និងខេត្តកោះកុង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថាន ខេត្តព្រះ សីហនុដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញផ្សេងទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការចូលរួមប្រឆាំងនឹងការសម្អាតប្រាក់។

បើតាមការឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថានមានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រី អនុវត្តច្បាប់សរុប ១,៤២២ នាក់។ បន្ថែមលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងខេត្តព្រះសីហនុ នៅថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២២នេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន១៨ ដែលមន្ត្រីនគរបាល យុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុបចំនួនជិត ១០០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថ ភាពលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសធនធានធម្មជាតិពាក់ ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទ និង នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និង បទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថាន ជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំ ឱ្យរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ ដែលត្រូវ យកចិត្តទុកដាក់ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នា ជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជា ប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្ត ច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទាន ដល់ការរីកសាភាយអាវុធមហាប្រល័យ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលយុត្តិធម៌ ជាការពង្រឹងសមត្ថ ភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធ ការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារ ប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន៕