ព្រះមហាក្សត្រថៃ នឹងយាងចុះសួរសុខទុក្ខគ្រួសារ និងជនរងគ្រោះនៅមានជីវិត ពីហេតុការណ៍បាញ់ សម្លាប់មនុស្សយ៉ាងរង្គាល

 (បាងកក)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២អោយដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន ​(Maha Vajiralongkorn) និងម្ចាស់ក្ស ត្រិយ៍ ស៊ូធីតា (Suthida) នឹងយាងទៅកាន់មន្ទីពេទ្យមួយ នៅថ្ងៃសុក្រនេះ ដើម្បីសួរ សុខទុក្ខគ្រួសារ សាច់ញាតិ និងជនរងគ្រោះដែលនៅរស់រានមានជីវិត ពីហេតុការណ៍បាញ់សម្លាប់ មនុស្សយ៉ាង រង្គាលនៅឯ មណ្ឌលថែទាំកុមារមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន និងម្ចាស់ក្សត្រិយ៍ ត្រូវបានរំពឹងថានឹងយាងទៅដល់ មន្ទីរពេទ្យខាងលើ ដែលស្ថិតនៅខេត្ត ណងបួលាំភូ (Nong Bua Lamphu) នៅម៉ោងប្រហែល១០ ព្រឹក នៅថ្ងៃសុក្រនេះ ខណៈនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏នឹងចុះសួរសុខទុក្ខគ្រួសារ សាច់ញាតិ និងជនរងគ្រោះដែលនៅរស់រានមានជីវិតក្នុងថ្ងៃដដែលនេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា មនុស្សយ៉ាង ហោច ៣៧នាក់ ក្នុងនោះមានកុមារ ២៤នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ នៅភាគឦសាននៃប្រទេសថៃ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើង និងកាំបិតបានសម្រុកចូលវាយប្រហារលើ មជ្ឈមណ្ឌលមើលថែទាំកុមារមួយកន្លែង ស្ថិតនៅខេត្ត ណងបួលាំភូ (Nong Bua Lamphu)។

ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ។ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃ ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជា អតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបាញ់សម្លាប់ ប្រពន្ធកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕