អាមេរិក៖ ចំនួនអ្នកស្លាប់កើនដល់១០៩នាក់ ក្រោយការវាយប្រហាររបស់ព្យុះហឺរីខិន Ian

 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក បានរាយការណ៍ថា គិតត្រឹមថ្ងៃ អង្គារសប្តាហ៍នេះ ចំនួនមនុស្សស្លាប់ បានកើនដល់យ៉ាងហោច១០៩នាក់ ក្នុងនោះ១០៥នាក់នៅ រដ្ឋផ្លូរីដា (Florida) បន្ទាប់ពីការវាយប្រហាររបស់ព្យុះហឺរីខិនកំណាច អ៊ីយ៉ាន (Ian)។ បណ្តាញព័ត៌មានអាមេរិក CNN បានអះអាងថា គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ អតិថិជនជាង ៤០០,០០០នាក់ នៅក្នុងផ្លូរីដា កំពុងបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ទោះជាច្រើនថ្ងៃបានកន្លង ផុតទៅក៏ដោយ ក្រោយព្យុះហឺរីនខាងលើ បានបោកបក់ទៅ​ដល់ទីនោះ ក្នុងទម្រង់ជាព្យុះហឺរីខិន កម្រិតទី៤ ខណៈប្រជាជនជាច្រើននាក់ទៀត បានបាត់បង់ទីជម្រករបស់ពួកគេ។

ព្យុះហឺរីខិន អ៊ីយ៉ាន ក៏បានបង្កការខូចខាតធំធេងចំពោះសេដ្ឋកិច្ចផងដែរ ដោយយោងតាមការព្យាករ ការខូចខាតទ្រព្យសម្បត្តិក្នុង​រដ្ឋផ្លូរីដាគឺមានទំហំប្រហែលចន្លោះ៤៥-៦០ពាន់លានដុល្លារ។ ចំណែកកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី៣ នៅរដ្ឋផ្លូរីដា ក៏ដូចជា​នៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក៏ត្រូវបានរំពឹងថានឹងថយចុះផងដែរ។

គួរបញ្ជាក់ថា ព្យុះ អ៊ីយ៉ាន បានបោកបក់ទៅដល់ភាគនិរតីរដ្ឋផ្លូរីដា កាលពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ ពីវាបានវាយប្រហារលើប្រទេសគុយបា៕