យោធាកូរ៉េខាងត្បូង សុំទោសចំពោះការធ្វើតេស្ដមីស៉ីលបរាជ័យ ដែលធ្វើឱ្យប្រជាជនភិតភ័យ

 (សេអ៊ូល)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានសុំទោសចំពោះការដែលធ្វើឲ្យប្រជា ជន មានការភិតភ័យអំពីការបាញ់មីស៊ីលបរាជ័យ កំលុងការធ្វើសមយុទ្ធរួមគ្នា ជាមួយសហរដ្ឋ អាមេរិក ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង រំលងប្រទេសជប៉ុន។

យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថាក្បាលគ្រាប់មីស៊ីល ហ៉ីយុនមូន ២ (Hyunmoo-2) មិនបានផ្ទុះទេ ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ នេះដែរ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានឱ្យដឹងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានដឹកនាំការធ្វើលំហាត់សឹកបាញ់មីស៊ីល ជាការឆ្លើយតបទៅនឹង ការបាញ់សាកល្បងមីស៊ីលរយៈ ចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលបានហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាលើកដំបូងបំផុតចាប់តាំងពី ឆ្នាំ២០១៧មក៕