ក្រសួងការងារ ចេញប្រកាសពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ២០០ដុល្លារ


 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើ ដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដី ប្រកាសព័ត៌មានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមាន សមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និង តំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំចំនួន២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករ និយោជិតចំនួន៧លើក ភាគីនិយោជកចំនួន៣លើក ភាគីរដ្ឋាភិបាលចំនួន២លើក ទ្វេភាគីរាជរដ្ឋាភិ បាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន៨លើក និងត្រីភាគីចំនួន៥លើក) ពីថ្ងៃ ទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយ ឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ២០៦ ដុល្លារអាមេរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជកបានដំឡើង ដល់តួលេខចំនួន១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈ បច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ១៩៨ដុល្លារអាមេរិក។ យោងមាត្រា១២ នៃច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖

* តួលេខចំនួន១៩៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត៤៦សំឡេង លើ៥១សំឡេង
* តួលេខចំនួន២០៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន២១០ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន២១៣ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត៥សំឡេង លើ៥១សំឡេង
* សំឡេងមិនបានការចំនួន០សំឡេង លើ៥១សំឡេង។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន១៩៨ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកា បូប សម្រាប់ឆ្នាំ២០២៣។

យោងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងស្ថាន ភាពដែលកម្ពុជាបានបង្កើតនូវភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាល បន្ទុករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារ សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន សម្រេចបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន១៩៨ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៩៨ដុល្លារអាមេរិកក្នុងមួយខែ ចំពោះ កម្មករនិយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល មានដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក ក្នុង មួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើ ការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេល ដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី២-១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិត ម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២១៧-២២៨ដុល្លារអាមេរិកក្នុងមួយខែ៕