(តូក្យូ)៖ យោតាម ការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២គឺ ប្រទេសជប៉ុន គ្រោងនឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមួយចំនួន ហើយដកចេញនូវការកំណត់ចំនួនអ្នកដំណើរប្រចាំថ្ងៃ ចូលក្នុងប្រទេស នៅខែតុលាខាងមុខនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោក។
បន្ទាប់ពីមានការផ្លាស់ប្តូរនេះ ជប៉ុននឹងមិនទាមទារទិដ្ឋាការសម្រាប់អ្នកធ្វើដំណើររយៈពេលខ្លី មកពី សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត នោះឡើយ ព្រមទាំងនឹងលុបចោលផងដែរនូវការ កំណត់ចំនួនអ្នកចូលមកក្នុងប្រទេសប្រចាំថ្ងៃ ៥០,០០០នាក់ ដែលបានដាក់ចេញកន្លងមក។ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ត្រូវបានគេរំពឹងថានឹងប្រកាសអំពីការ ផ្លាស់ប្តូរនេះ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា មុនផ្ទុះកូវីដ១៩ ជប៉ុន មិនបានតម្រូវឲ្យមានទិដ្ឋាការទេសចរណ៍សម្រាប់ប្រទេស និងតំបន់ចំនួន ៦៨។ ដោយសារតែប្រាក់យ៉េន បានធ្លាក់ចុះជិតដល់កម្រិតទាប ក្នុងរយៈពេល ២៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លាររបស់ សហរដ្ឋអាមេរិក រដ្ឋាភិបាលជប៉ុនកំពុងរៀបចំគោលនយោបាយ ដើម្បីទាញយកអត្ថប្រយោជន៍ពីការបង្កើនចំនួនភ្ញៀវទេសចរតាមរយៈការបន្ធូរបន្ថយតម្រូវការធ្វើដំណើរ៕