សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងជា មួយប្រទេសជាដៃគូសេដ្ឋកិច្ច តំបន់ និងសកលលោក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តបង្ហាញជំហរគាំទ្រចំពោះ ការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូ សេដ្ឋកិច្ចតំបន់ និងសកលលោក។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជាបន្តគាំទ្រការធ្វើសមាហរណ កម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និង សកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន ទាំង៩ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាម ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាង ក្រៅ»

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់ សម្តេចតេជោគាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេស ការ ឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹក នាំដោយអាស៊ាន ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក។

សម្តេចបានថ្លែងទៀតថា ជាការពិត ក្នុងរយៈពេល ៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពី ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការ អនុម័ត ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឆ្នាំ២០២៥ អាស៊ាន យើងបានរួម គ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការ ជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាម វិធានច្បាប់ អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម។

សម្តេចបានបន្ថែមទៀតថា៖ កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង ការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាច សេដ្ឋកិច្ចធំលំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសកលលោក៕