(ហ្សេរុយសាឡិម)៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅថ្ងៃចន្ទនេះថា តាមការព្យាកររបស់ WHO ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅអ៊ុយក្រែន នឹងឈានដល់កម្រិត ខ្ពស់បំផុតក្នុងខែតុលា ខាងមុខនេះ ដែលអាចនឹងធ្វើឱ្យមន្ទីរពេទ្យមួយចំនួនប្រឈមមុខនឹងការ ខ្វះខាតដូចជាគ្រែជាដើម។
លោក ហ្គេប្រេយ៉េស៊ូស បានប្រាប់គណៈកម្មាធិការប្រចាំតំបន់របស់ WHO សម្រាប់សន្និសីទអឺរ៉ុប នៅទីក្រុងតែល អាវីវ (Tel Aviv) យ៉ាងដូច្នេះថា «ឥឡូវនេះ យើងកំពុងមើលឃើញមានការកើនឡើង នៃករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសអ៊ុយក្រែន។ តាមការប៉ាន់ប្រមាណ ការឆ្លងរាលដាលអាចឈាន ដល់ កម្រិតខ្ពស់បំផុត នៅដើមខែតុលា ហើយមន្ទីរពេទ្យអាចប្រឈមមុខនឹងការខ្វះខាតគ្រឿងបរិក្ខារ។ បញ្ហាកង្វះអុកស៊ីសែនត្រូវបានព្យាករជាបញ្ហាចម្បង ដោយសារតែប្រភពផ្គត់ផ្គង់សំខាន់ៗ ស្ថិតនៅ ឯតំបន់សមរភូមិ»។
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង នាខែកុម្ភៈ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការថែទាំ សុខភាព ដោយមានការវាយប្រហារជាង ៥០០លើកមកលើ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ១០០នាក់។ ប្រមុខ WHO ក៏បាននិយាយផងដែរថា សង្រ្គាមអាចបង្កើនការរីករាលដាលនៃជំងឺស្វិតដៃជើង ឬជំងឺ Polio៕