លោកជំទាវ យក់ សម្បត្ដិ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធី និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

 (ព្រះសីហនុ)៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង សមត្ថភាព អនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិឃ្លាំងតាមប្រព័ន្ធ SARMIS។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះ សីហនុ ដែលមានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក ក្រុមការងារកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល ប្រធាន មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ និងមន្ត្រី ពាក់ព័ន្ធ សរុបចំនួន ១២៧នាក់ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះ ដល់សិក្ខាកាមដូចជា៖

* វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល
* ការអនុវត្តថវិកាកម្មវិធី ការរៀបចំផែនការនីយកម្ម និងថវិកានីយកម្ម ការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកា ផែនការថវិកាប្រចាំឆ្នាំ * ការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការតាមដាននិងវាយតម្លៃ
* ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System – SARMIS)
* ការអនុវត្តនីតិវិធីរជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន៕