កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំង២


 (ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុធធី ឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាង ខេត្តជាប់ព្រំដែន ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនៃ ប្រទេសទាំង២។

ការប្តេជ្ញាចិត្តរបស់លោកអភិបាលខេត្ត នៃប្រទេសទាំង២ បានធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងឱកាសដែលឯកឧត្តម ក ប៉ែន កុសល្យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អនុញ្ញាត ឲ្យប្រតិភូខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក វ៉ាត់ថៈណា វុតធិឆាត អភិបាល ខេត្តស៊ីសាកេត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅសាលាខេត្តឧត្តរ មានជ័យ។

ជំនួបពិភាក្សារវាងអភិបាលខេត្តនៃប្រទេសទាំង២ គឺផ្តោតសំខាន់ដើម្បីពង្រឹងចំណងមិត្តភាព សាម គ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រជាជន និងរវាងខេត្ត និងខេត្ត ដែលជាប់ព្រំ ដែនជាមួយគ្នា ហើយកសាង សាមគ្គីភាព រវាងប្រជាជននៅកម្ពុជា និងថៃផងដែរ។ ទន្ទឹមនឹងនោះដែរ ក៏ដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមក រវាងប្រជាជនកម្ពុជា និងថៃថែមទៀត ផង។

ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោកអភិបាលខេត្តឧត្តរមានជ័យ និងលោកអភិ បាលខេត្តស៊ីសាកេត បានរៀបចំពិធីព្រលែងកូនត្រីរួមគ្នា នៅមុខវេទិការអ៊ុទូកបឹងស្នោរ មុខសាលា ខេត្តឧត្តរមានជ័យផងដែរ៕