អភិបាលខេត្តសៀមរាប ប្រកាសចាត់វិធានការតាមកិច្ចសន្យា បើការជួបជុំរបស់ ខឹម វាសនា មិន រំសាយនៅថ្ងៃនេះទេនោះ


 (ភ្នំពេញ)៖ ថ្ងៃទី០៥ ខែកញ្ញា នេះ ជាថ្ងៃកំណត់ដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យសន្យារំសាយការជួបជុំរបស់ខ្លួននៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀម រាប។ ប៉ុន្តែបើមិនរំសាយទេនោះ អាជ្ញាធរនឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់នៅព្រលប់ថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ ២០២២ម្សិលមិញ នេះថា មកដល់ព្រលប់ថ្ងៃនេះប្រជាពលរដ្ឋដែលបានទៅប្រមូលផ្តុំនៅចម្ការរបស់ លោក ខឹម វាសនា នៅសល់តែជាង ១ពាន់នាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបានរំសាយអស់ហើយ។

ក្នុងជំនួបជាមួយអាជ្ញាធរ និងសមត្ថកិច្ចកាលពីថ្ងៃម្សិលមិញនេះ លោក ខឹម វាសនា បានសន្យា រំសាយការជួបជុំរបស់ខ្លួននៅត្រឹមថ្ងៃទី០៥ ខែកញ្ញា។ ឆ្លើយនឹងសំណួរថា ប្រសិនបើមិនមានការ រំសាយដូចការសន្យាទេនោះ តើអាជ្ញាធរនឹងដោះស្រាយយ៉ាងណា?

ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ប្រសិនបើមិនរំសាយទេ អាជ្ញាធរនឹងចាត់វិធានការទៅ តាមអ្វីដែលបានសន្យា។ លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ «បើមិនព្រមយើងនឹងអនុវត្តន៍ វិធានការតាមកិច្ចសន្យារបស់យើង»

ឯកឧត្តម អភិបាលខេត្តសៀមរាប បានឱ្យដឹងផងដែរថា មកដល់ពេលនេះអាជ្ញាធរទទួលបានពាក្យ បណ្តឹងពីប្រជាពលរដ្ឋដែលបានទៅកូន ស្វាមីភរិយា និងសាច់ញាតិនៅក្នុងចម្ការមានប្រមាណ ៧៤ពាក្យបណ្តឹងហើយ៕