(បាងកក)៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់អោយដឹងថា មន្ត្រីក្រសួងកសិកម្មរបស់ប្រទេស ថៃបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងសហការគ្នាក្នុង ការបង្កើនតម្លៃស្រូវនៅលើទីផ្សារពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនខែក្នុងគោលបំណងជា ផ្នែកមួយដើម្បីលើកកម្ពស់ប្រាក់ចំណូលនៅតាមទីជនបទ។
លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាមួយជាមួយមន្ត្រីវៀតណាមថា៖ «នេះ…ជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាម… បានយល់ព្រមសហការគ្នាក្នុងការ ដំឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក»។
ប្រទេសថៃនិងវៀតណាមបានចាប់ផ្តើមកិច្ចចរចាកាលពីខែឧសភា។ អ្នកនាំពាក្យថៃមួយរូបបាន និយាយថាគោលបំណងគឺដើម្បីដំឡើងថ្លៃការនាំចេញអង្កររបស់ប្រទេសទាំងពីរបង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក និងជំរុញប្រាក់ចំណូលរបស់កសិករ។
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រទេសទាំងពីរមានចំនួនប្រហែល ១០ភាគរយនៃ ផលិតកម្មស្រូវពិភពលោក និងប្រហែល ២៦ភាគរយនៃការនាំចេញសកល។
មិនទាន់ដឹងច្បាស់នៅឡើយទេថាតើការដំឡើងថ្លៃអង្ករណាមួយនឹងចូលជាធរមាននៅពេលណានោះទេ។
លោក Alongkorn បាននិយាយថា សេចក្តីសង្ខេបនៃកិច្ចពិភាក្សាជុំចុងក្រោយនៃកិច្ចពិភាក្សាទាំង នេះ និងអនុសាសន៍នានាឱ្យរួមគ្នាដំឡើងថ្លៃអង្ករ នឹងត្រូវបានបង្ហាញដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំងពីរនៅកាលបរិច្ឆេទដែលមិនទាន់មានការបញ្ជាក់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Alongkorn ថា៖ «គោល ដៅនឹងសម្រេចបានឬអត់? ខ្ញុំមិនអាចឆ្លើយបានទេ ប៉ុន្តែ ថ្ងៃនេះយើងបានបោះជំហានដំបូងរួមគ្នាធ្វើជា ដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មហើយ»៕