ម៉ាឡេស៊ីអនុញ្ញាតឱ្យនាំចេញមាន់ខ្លះឡើងវិញ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានភាពប្រសើរឡើង


 (គូឡាឡាំពួ)៖  យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹងថា មន្ត្រីជាន់ខ្ពស់របស់ ម៉ាឡេស៊ីមួយរូបបានឱ្យដឹងថាប្រទេសម៉ាលេស៊ីនឹងអនុញ្ញាតឱ្យមានការនាំចេញសាច់មាន់ខ្លះឡើងវិញចាប់ពីខែតុលានេះទៅ។

យោងតាមវីដេអូមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក Annuar Musa ប្រធាន ក្រុមការងារទទួលបន្ទុកអតិផរណារបស់ម៉ាឡេស៊ីបានឱ្យដឹងថា មានតែអ្នកបង្កាត់ពូជចិញ្ចឹមមាន់ មួយចំនួនសម្រាប់ការនាំចេញប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចេញ បន្ទាប់ពីទទួលបានការ យល់ព្រមពីក្រសួងកសិកម្ម និងឧស្សាហកម្មអាហារម៉ាឡេស៊ី។

លោក Annuar ដែលក៏ជារដ្ឋមន្ត្រីទំនាក់ទំនងនិងពហុព័ត៌មានផងដែរនោះបាននិយាយថា ការបន្ធូរ បន្ថយការហាមឃាត់នេះ នឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកទេ ដោយសារភាពប្រសើរឡើង នៃផលិតកម្មបានជួយកាត់បន្ថយតម្លៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ប្រទេសម៉ាឡេស៊ីបានហាមឃាត់ការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី១ ខែមិថុនាមកក្នុងគ្រាដែលមាន កង្វះខាតការផ្គត់ផ្គង់ដែលបណ្តាលឱ្យតម្លៃកើនឡើង។ ប្រទេសម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសនាំចេញមាន់ដ៏ធំមួយក្នុងតំបន់ ហើយបានផ្គត់ផ្គង់ ប្រហែលមួយភាគបីនៃតម្រូវការមាន់របស់សិង្ហបុរីកាលពីឆ្នាំមុន។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg គឺ ការកាត់បន្ថយការនាំចេញមាននេះបានជំរុញឱ្យ ប្រទេសសិង្ហបុរីធ្វើពិពិធកម្មការផ្គត់ផ្គង់សត្វបក្សីរបស់ខ្លួនដោយស្វែងរកការផ្គត់ផ្គង់បន្ថែមពីប្រទេសជិតខាងឥណ្ឌូនេស៊ី។ ៕