សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ទោះក្នុងកាលៈ ទេសៈណាក៏ ដោយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានគណបក្សប្រជាជន កម្ពុជា បានប្រកាសបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍គោលនយោបាយចិនតែមួយ និងប្រឆាំង ដាច់ខាតរាល់ពាក្យសម្តី និងទង្វើដែលបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន។

ជំហររបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តន៍នយោបាយចិនតែមួយយ៉ាងមុតមាំនេះ ត្រូវបាន ដកស្រង់មកផ្សព្វផ្សាយលើហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃនះ បន្ទាប់ពីជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅទីស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែលដកស្រង់មកផ្សព្វផ្សាយដោយស្ថានទូតចិននៅកម្ពុជា បានឱ្យដឹងថា នៅ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លីវ ជានចាវ បានលើកឡើងចំពោះបញ្ហាប្រឈម និងភាពស្មុគស្មាញមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។

ស្ថានទូតបានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា ប្រឈមមុខស្ថានការណ៍ប្រែប្រួលនេះ កម្ពុជា និងចិន តែងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាតបទល់នឹងបញ្ហាប្រឈម រួមគ្នាការពារអធិបតេយ្យ ភាព និងឯករាជ្យភាព ការពារសន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ខ្លួនយ៉ាងមុតមាំ។

សម្តេចតេជោ បានលើកឡើងថា នៅពេលកម្ពុជាកំពុងតែជួបការលំបាក ភាគីចិនតែងផ្តល់ជំនួយ យ៉ាងទាន់ពេលវេលា។ នៅពេលកម្ពុជាកំពុងដោះស្រាយបញ្ហាអភិវឌ្ឍ គឺតែងគិតដល់ភាគីចិន មុនគេជានិច្ច ហើយភាគីចិន បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ បានផ្តល់ការជួយយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាអាយុជីវិតសុខភាពប្រជាជន និងស្ថិរភាពសង្គម និងសម្រេចបាននូវការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ពាក់ព័ន្ធបញ្ហាអធិបតេយ្យភាពរបស់ចិនវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ភាគី កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និង ទង្វើណាមួយដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ សម្តេចតេជោ ក៏បាន បញ្ជាក់ទៀតថា កម្ពុជាបន្តគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយគោលជំហរនេះនឹងមិនផ្លាស់ប្តូរទោះក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រោមស្ថាន ការណ៍អន្តរជាតិ និងតំបន់ដ៏ស្មុគស្មាញគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការ ពង្រឹងទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តចិន រីករាយសហការក្នុងការរៀបចំផែនការអភិវឌ្ឍ ទំនាក់ទំនងរវាងគណបក្សទាំងពីរ លើកកម្ពស់ការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមកអំពីបទ ពិសោធន៍អភិបាលកិច្ចប្រទេស និងគណបក្ស ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដា វិស័យនៃប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាកាន់តែច្រើន និងរួមគ្នាតបទល់បញ្ហាប្រឈម ដ៏ស្មុគស្មាញ។

លោក លីវ ជានចាវ ក៏បានលើកឡើងដែរថា ចិន និងកម្ពុជា គឺជាគំរូនៃទំនាក់ទំនងប្រទេសនិង ប្រទេស ដែលគោរពគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ លោក លីវ ជានចាវ ក៏បានថ្លែងអំណរគុណ កម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយតែងតែផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់ភាគីចិនលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ស្នូលរបស់ចិន។

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ក៏បានប្រកាសដែរថា ចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការដើរលើ មាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនក្នុងការសម្រេចបាននូវស្ថិរភាពសេដ្ឋកិច្ច សង្គម និងប្រទេសជាតិ។

ក្រៅតែពីបញ្ហាខាងលើនេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លីវ ជានចាវ បាន ពិភាក្សាពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ចំណងមិត្តភាព «ដែកថែប» រវាងកម្ពុជា និងចិនបាន ចាក់ឫសគល់យ៉ាងជ្រាលជ្រៅ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានកំណើនយ៉ាង ឆាប់រហ័ស ហើយការកសាងគម្រោងធំៗក្រោមក្របខណ្ឌការកសាងរួមគ្នានូវ «ខ្សែក្រវាត់និងផ្លូវ» បានដំណើរការទៅមុខយ៉ាងរលូន និងសម្រេចបានលទ្ធផលផ្លែផ្កាច្រើនអនេក បានផ្តល់ផលប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជនកម្ពុជា។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងចិន នឹងបន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាង «ខ្សែក្រវាត់និង ផ្លូវ» ឱ្យទទួលបានសមិទ្ធផលផ្លែផ្កាបន្ថែមទៀត។

សម្តេចតេជោបានលើកឡើងដែរថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក» និង «គំនិតផ្តួចផ្តើមសន្តិសុខពិភពលោក» ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន បាន ចូលរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់និង ពិភពលោក។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ភាគីចិនដែលបានផ្តល់ ការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ការសម្របសម្រួលដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធដែលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និង ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានប្តូរវេនអាស៊ាន។

សម្ដេចតេជោមានប្រសាសន៍ថាភាគីកម្ពុជារីករាយពង្រឹងទំនាក់ទំនងនិងសម្របសម្រួលលើកិច្ចការអន្តរជាតិនិងតំបន់នៃប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន ពន្លឿនការកសាង សហគមន៍វាសនារួមរវាងអាស៊ាន-ចិន ទប់ស្កាត់ការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅទៅលើកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យកាន់តែប្រសើរ។

លោក លីវ ជានចាវ បានគូសរំលេចថា ចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជាសហគមន៍វាសនារួមគ្នា។ ការរក្សាចំណងមិត្តភាពចិន-កម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ ការ កសាងរួមគ្នានូវសហគមន៍វាសនារួមរវាងចិន និងកម្ពុជា គឺស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជន ទាំងពីរ ស្របតាមនិន្នាការនៃសម័យកាល ដែលជាផលប្រយោជន៍គ្រឹះសម្រាប់ភាគីទាំងពីរ។

លោក លីវ ជានចាវ បានបន្ថែមទៀតថា ក្រោមការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាគីចិនរីករាយសហ ការជាមួយកម្ពុជា ដើម្បីរួមគ្នាតបទល់នឹងហានិភ័យ និងបញ្ហាប្រឈម ការពារ និងពង្រីកផល ប្រយោជន៍រួមគ្នា។ ក្នុងដំណើរនៃគណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងស្ថិរ ភាពយូរអង្វែងក្នុងប្រទេស បក្សកុម្មុយនិស្តចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងអាចពឹងផ្អែកបាន៕