(ភ្នំពេញ)៖ ថ្លែងចេញពីលើវេទិកាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោល នូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។
ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវ អាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួនប្រើប្រាស់នូវ ពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃក្រោយត្រូវពិនិត្យ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរបិទវាចោលទៅ។ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ហើយបើឡាយក្នុងហ្វេសបុកជេរនោះជា រឿងផ្សេង»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ២០២០ ដែល រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ជួយការពារ អ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថា យកត្រឹមពាក់កណ្ដាល ដោយជួយការពារអ្នក សារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកសារព័ត៌មាននោះ ជេរគេមេធាវីសម្ដេច មិនជួយការពារនោះទេ។
ពាក់ព័ន្ធជាមួយលោក សាន្ដ ប៊ុនធឿននេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា សម្ដេចធ្លាប់ ជួយជាលុយសុទ្ធប្រមាណ១៨ម៉ឺនដុល្លារ ដើម្បីឲ្យលោក សាន្ដ ប៊ុនធឿន ទិញផ្ទះនៅ និងការ ឧបត្ថម្ភថវិកាប្រចាំខែបន្ថែមទៀតផង។
ដើមចមដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យកាត់ចោលក្របខ័ណ្ឌលោក សាន្ដ ប៊ុនធឿន ចេញពីកងយោធពលខេមរភូមិន្ទ ពិសេសពីបញ្ជាការដ្ឋានអង្គរក្សនោះ គឺដោយសារតែសម្ដេច ណែនាំច្រើនលើកច្រើនសារអំពីឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយឡាយនៅ លើបណ្ដាញសង្គមហ្វេសបុក ប៉ុន្ដែលោក សាន្ដ ប៊ុនធឿន មិនបានកែប្រែនោះឡើយ។ ក្រៅពីកាត់ចោលក្របខ័ណ្ឌកងទ័ពហើយនោះ អាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន ក៏ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មានបិទចោលផងដែរ។
ដោយឡែក សម្រាប់លោក ហ៊ត ប៊ូ ហៅក្រៅ អធិរាជមហាសាច់ ដែលត្រូវបាននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីសម្រេចលុបឈ្មោះចេញ ពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក៏ដោយសារការប្រើប្រាស់បណ្ដាញសង្គម ជេរប្រមាថអ្នកដទៃ ដែលល្មើសច្បាប់ស្ដីពីលក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទដូចគ្នានេះដែរ៕