ប្រេងឆៅធ្លាក់ថ្លៃដោយសារក្តីបារម្ភពីការថមថយសេដ្ឋកិច្ច ដែលអាចប៉ះពាល់តម្រូវការ


(តូក្យូ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថាតម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃចន្ទសប្តាហ៍នេះ ដែលបានបញ្ចប់ការឡើងថ្លៃរយៈពេលបីថ្ងៃ ដោយសារការភ័យខ្លាចថា ការដំឡើងអត្រាការ ប្រាក់របស់សហរដ្ឋអាមេរិកយ៉ាងតក់ក្រហល់ អាចនាំឱ្យមានការថមថយកំណើនសេដ្ឋកិច្ចពិភព លោក និងតម្រូវការប្រេងឥន្ធនៈ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ជួញ ដូរប្រេងសម្រាប់ចែកចាយនៅខែតុលាបានធ្លាក់ចុះ ១,១៧ដុល្លារអាមេរិក ឬ ១,២ភាគរយ មកនៅ ត្រឹម ៩៥,៥៥ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង ៨ និង ៥៤នាទីព្រឹកម៉ោងនៅប្រទេសសិង្ហបុរី ដោយសារក្តីបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិនដោយសារតែវិបត្តិថាមពលនៅក្នុងតំបន់មួយចំនួន ដែលក៏ដាក់បន្ទុកទៅលើតម្លៃប្រេងផងដែរ។

តម្លៃប្រេងឆៅប្រភេទ ក West Texas Intermediate (WTI) របស់អាមេរិកក្នុងកិច្ចសន្យាអនាគត សម្រាប់ចែកចាយនៅខែកញ្ញា ដែលផុតកំណត់នៅថ្ងៃចន្ទសប្តាហ៍នេះក៏បានធ្លាក់ចុះចំនួន ១,១២ ដុល្លារអាមេរិក ឬ ១,២ភាគរយផងដែរមកនៅត្រឹម ៨៩,៦៥ដុល្លារក្នុងមួយបារ៉ែល។

ប្រេងឆៅទាំងប្រភេទ Brent និង WTI បានឡើងថ្លៃបីថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃសុក្រ ប៉ុន្តែបានធ្លាក់ចុះ ប្រហែល ១,៥ភាគរយសម្រាប់សប្តាហ៍មុនដោយសារការឡើងថ្លៃប្រាក់ដុល្លារ និងលារភ័យខ្លាចពី ការធ្លាក់ចុះតម្រូវការ។

លោក Hiroyuki Kikukawa អ្នកគ្រប់គ្រងទូទៅផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Nissan Securities ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វិនិយោគិនមានការព្រួយបារម្ភថា ការ ដំឡើងអត្រាការប្រាក់ខ្ពស់ដែលអាចកើតមានដោយធនាគារកណ្តាលអាមេរិកនឹងបណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈ»។

លោកបានមានប្រសាសន៍ថា៖«ការរឹតបន្តឹងថាមពលរបស់ប្រទេសចិនក្នុងតំបន់មួយចំនួនក៏ជាកង្វល់ផងដែរ ព្រោះវាអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងក្រុមហ៊ុនថាមពលមួយបានឱ្យដឹងថា ខេត្តស៊ីឈួន ស្ថិតនៅ ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុនបានចាប់ផ្តើមកំណត់ការផ្គត់ផ្គង់អគ្គិសនីនៅតាមផ្ទះ ការិយាល័យ និងផ្សារទំនើប ដោយសារតែបញ្ហាកង្វះថាមពលធ្ងន់ធ្ងរដែលជំរុញដោយរលកកំដៅ ខ្លាំង និងគ្រោះរាំងស្ងួត។

តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ ការឡើងថ្លៃប្រាក់ដុល្លារអាមេរិកដែលបានហក់ឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលប្រាំសប្តាហ៍ក៏បានដាក់បន្ទុកដល់តម្លៃប្រេងឆៅផងដែរព្រោះវាធ្វើឱ្យប្រេងមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត៕