(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) បានគូសបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា ចូលរួមដោយគ្មានការរើស អើង ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូ សហការផ្សេងៗយ៉ាងទូលំទូលាយ។
ការគូសបញ្ជាក់បែបនេះ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ ឆ្នាំមកហើយ និងមាន សមាជិក-សមាជិកាចំនួនជាង ០៨ពាន់នាក់ ហើយបានធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។ លទ្ធផលជាក់ស្ដែងមកទល់ពេលនេះ គឺបានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត ៣៥ម៉ឺននាក់ ក្នុង នោះអ្នកជំងឺធ្ងន់ធ្ងរជាង០៦ពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺ បេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកបណ្ឌិត បានបន្តថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួស្យ ឱយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹក ចិត្តរបស់រាជរដ្ឋាភិបាលផងដែរជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង។ ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់សម្តេចតេជោ គឺ សម្តេចតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យ អាទិភាពមួយផងដែរ។
បន្ថែមពីនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អរគុណសមាជិក-សមាជិកាសមាគម ដែលបានលះ បង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលបាននឹងកំពុងឧបត្ថម្ភ សម្ភារបរិក្ខារ ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបំពេញបេសកកម្ម មនុស្សធម៌បន្ថែមទៀតនិងសូមថ្លែងអំណរគុណដៃគូសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្ម ក៏ដូចជាការជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាព របស់សមាគម៕