(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ គឺបានអោយដឹងថា នាយកដ្ឋានធារាសាស្រ្តថៃ នាថ្ងៃព្រហស្បតិ៍នេះ បានចេញ សារព្រមានថា បាតុភូតធ្លាក់ភ្លៀងខ្លាំងដែលត្រូវបានព្យាករ អាចនឹងបង្កឱ្យមានការជន់លិចពីទឹកទន្លេ នៅទូទាំងប្រទេសតែម្តង ចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
សារព្រមានខាងលើ គឺមានគោលដៅជាចម្បង សម្រាប់បណ្តាខេត្តនៅភាគខាងជើង រួមមាន ឆៀង រ៉ាយ (Chiang Rai), ឆៀងម៉ៃ (Chiang Mai), មេហងសន (Mae Hong Son), ណាន (Nan), ពិស្ណុលោក (Phitsanulok), ពេជ្របូរណ៍ (Phetchabun), ឧត្រតិត្ថ (Uttaradit), តាក់ (Tak) ហើយ និងបណ្តាខេត្តភាគឦសាន រួមមាន កាឡសិន្ធុ (Kalasin), នគរភ្នំ (Nakhon Phanom), បឹងកាន (Bung Kan), សកលនគរ (Sakon Nakhon), ណងខាយ (Nong Khai), ឧត្តរធានី (Udon Thani) ក៏ដូចជាបណ្តាខេត្តភាគខាងកើត រួមមាន រយ៉ង (Rayong), ចន្ទបុរី (Chanthaburi), ត្រាត (Trat) ព្រមទាំងបណ្តាខេត្តភាគខាងត្បូង រួមមាន នរាធិវាស (Narathiwat), ប៉័ត្តានី (Pattani), និងយ៉ាឡា (Yala)។
គួរបញ្ជាក់ថា បើតាមការព្យាករពីនាយកដ្ឋានឧតុនិយមថៃ ការធ្លាក់ភ្លៀងនឹងថមថយទៅវិញ នាថ្ងៃ ព្រហស្បតិ៍-សុក្រសប្តាហ៍ក្រោយ ស្របពេលដែលឥទ្ធិពលខ្យល់មូសុង នឹងស្ថិតនៅលើប្រទេស មីយ៉ាន់ម៉ា ព្រមទាំងផ្នែកខាងលើនៃប្រទេសឡាវ និងវៀតណាម៕