អគ្គនាយក ប.ស.ស លើកឡើងថា ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធមួយដ៏ល្អប្រសើរដែលមាន គោលការណ៍ គ្រឹះការពារប្រជាពលរដ្ឋពេញមួយជីវិត


 (តាកែវ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បាន ថ្លែងថា ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលជាគោលនយោបាយដ៏ល្អឥតខ្ចោះ ក្នុងការការពារប្រជាពលរដ្ឋចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា៖ វដ្ដនៃជីវិត គឺគ្មាននរណាម្នាក់អាចគេចផុតឡើយ ហើយការកើត ចាស់ ឈឺ ស្លាប់ នេះ ប.ស.ស. បានចូលរួម យ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំងពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យ ផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់ បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេល សម្រាកលំហែមាតុភាព។

ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅ តែបន្តការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបាននឹងកំពុង ធ្វើការផ្សព្វផ្សាយនាពេលនេះ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជា ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់ នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពី ពេលចាប់កំណើតរហូតដល់ស្លាប់នេះតែម្ដង។

ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា៖ ប្រព័ន្ធសន្ដិសុខសង្គម អាចបោះជំហានទៅមុខ និង អាចតាមការពារបងប្អូនបាន គឺត្រូវមានការចូលរួមយ៉ាងចាំបាច់របស់បងប្អូនកម្មករនិយោជិត និង ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលនេះជាការចូលរួមចែករំលែក និងស្មារតីសាមគ្គីធម៌សង្គម។

ក្នុងឱកាសជាមួយគ្នានេះ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តតាកែវ លោកបានថ្លែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេល ដែលពលរដ្ឋមានវ័យចំណាស់។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលរង បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះ ស្ថាន ជាពិសេសកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការ ពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ៕