(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ គឺ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានចោទប្រកាន់សមាជិកមួយរូប មកពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ពីបទរៀបចំផែនការសម្លាប់លោក ចន បូលតុន (John Bolton) ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនជាតិអ៉ីរ៉ង់ម្នាក់ឈ្មោះ សាស់រុំា ពួសាហ្វី (Shahram Poursafi) ឬមានឈ្មោះហៅក្រៅ ម៉េសឌី រេហ្សៃយី (Mehdi Rezayi) មានអាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងតេហេរ៉ង់ មានចេតនា និងរៀបចំផែនការសម្លាប់លោក បូលតុន ដើម្បីសងសឹងឱ្យអតីតមេបញ្ជាការម្នាក់នៃកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qassem Soleimani) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីខែមករា ឆ្នាំ២០២០។
លើសពីនេះទៅទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកក្រោម សម័យរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក ម៉ៃក៍ ប៉ុមប៉េអូ ក៏ស្ថិត នៅក្រោមគោលដៅនៃផែន ការធ្វើឃាតខាងលើផងដែរ៕