ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រៀបចំភោជនីយាហារ​ទទួល​ស្វា​គមន៍​គណៈប្រតិភូគណៈចលនា មហាជន​នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម


 (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា អនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានរៀបចំ ពិធីជប់លៀងភោជនីយាហារទទួលស្វាគមន៍ជូនដល់គណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅសណ្ឋាគារភ្នំពេញ។

គណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បាន និងកំពុងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ ពីថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២២។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្ត ទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នា នៅគ្រប់កា លៈទេសៈទាំងអស់។

ឯកឧត្តម លើកឡើងថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរពិតជាជ្រាលជ្រៅ តាំងពីសម័យតស៊ូ ប្រយុទ្ធកៀកស្មាគ្នាដណ្តើមឯករាជ្យពីសម័យ​អាណានិគមបារាំងរហូតដល់​ការជួយសង្គ្រោះប្រជាជន កម្ពុជាពីរបបខ្មែរក្រហម ហើយបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា សូម្បីតែថ្មីៗកន្លងទៅនេះវិបត្តិនៃជំងឺកូវីដ-១៩ ដែល បានបង្កវិបត្តិយ៉ាងធំធេងដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាម បានចាត់វិធានការយ៉ាងឆាប់រហ័សប្រកបដោយទំនួលខុសត្រូវខ្ពស់ ទាន់ពេលវេលា និងយ៉ាងមាន ប្រសិទ្ធភាព រួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តម បានបន្ថែមថា ប្រទេសយើងទាំងពីរ ពិតជាមានមោទនភាពណាស់ ដែលទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងគណៈចលនាមហាជននៃមជ្ឈិម​បក្សកុម្មុយនីស្ត​វៀតណាម និងគណៈ មហាជននៃគណបក្សប្រជាជនកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្រប តាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរអង្វែង» ។

ឯកឧត្តម បណ្ឌិត ក៏បានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីក ចម្រើនរឹងមាំជាលំដាប់។

ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ លោក ផាម តឹត ថាំង (Pham Tat Thang) សមាជិក មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានប្រចាំការគណៈចលនាមហាជន នៃមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានចូលរួមចំណែកធ្វើអោយចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជីវភាពរស់នៅរបស់ ប្រជាជនកាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕