មីយ៉ាន់ម៉ាទម្លាក់អត្រាប្តូរប្រាក់បរទេសផ្លូវការ ១៣,៥ភាគរយសម្រាប់រូបិយប័ណ្ណក្យាត


 (ណៃពិដោរ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺបានអោយដឹងថា ធនាគារកណ្តាលរបស់ ប្រទេសមីយ៉ាន់ម៉ានៅដើមសប្តាហ៍នេះបានទម្លាក់អត្រាប្តូររូបិយប័ណ្ណក្យាតរបស់ខ្លួនពី ១ ៨៥០ក្យាត ដល់ ២ ១០០ក្យាតក្នុងមួយដុល្លារ។

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានដួលរលំចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន ដោយបានបញ្ឈប់ការធ្វើកំណែទម្រង់ដែលបានធ្វើឡើងរយៈពេលមួយទសវត្សរ៍មកនេះ ដែលបាន បង្កឱ្យសម្ពាធលើតម្លៃប្រាក់ក្យាតធៀបនឹងប្រាក់ដុល្លារ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារឡើង ថ្លៃ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អត្រាប្តូរប្រាក់នៅទីផ្សារងងឹតសម្រាប់ប្រាក់ក្យាត នៅតែមានអត្រាខ្ពស់ជាងអត្រាផ្លូវការថ្មីនេះរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ាពី ២០ទៅ ៣០ភាគរយ បើយោងតាមតួលេខពីក្រុមជួញដូរអនឡាញដែលជួញដូររូបិយប័ណ្ណនេះក្រៅផ្លូវការ។

ធនាគារកណ្តាលមីយ៉ាន់ម៉ាដែលមន្ត្រីជាន់ខ្ពស់របស់ធនាគារនេះត្រូវបានជំនួសដោយមន្ត្រីយោធាកាន់តែច្រើនឡើងនោះ នៅឆ្នាំនេះបានប្រកាស វិធានការជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងលំហូររូបិយ ប័ណ្ណ។ ក្រុមហ៊ុនក្នុងស្រុក និងធនាគារនានាត្រូវបានបញ្ជាឱ្យផ្អាក និងរៀបចំការវិភាគឡើងវិញ សម្រាប់ការសងប្រាក់កម្ចីបរទេស ដាក់ប្រាក់បញ្ញើ ឬរូបិយប័ណ្ណបរទេសទាំងអស់របស់ពួកគេនៅ ធនាគារក្នុងស្រុកក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ ហើយក្រសួងនានា និងរដ្ឋបាលថ្នាក់ក្រោមត្រូវ បានបញ្ជាមិនឱ្យប្រើរូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុក។

កាលពីចុងសប្តាហ៍មុន ធនាគារកណ្តាលមីយ៉ាន់ម៉ាបានបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនេះ ដោយ និយាយថា ៦៥ ភាគរយនៃរូបិយប័ណ្ណបរទេស ដែលទទួលបានក្នុងស្រុកត្រូវតែដាក់នៅក្នុងធនាគារ ដែលមានអាជ្ញាប័ណ្ណ ដែលកាលពីមុនតម្រូវឱ្យ ១០០ភាគរយតែម្តង។

ធនាគារកណ្តាលមីយ៉ាន់ម៉ាបានកែសម្រួលតម្លៃប្រាក់ក្យាតក្នុងខែមេសាពី ១ ៧៧៨ក្យាត ដល់ ១ ៨៥០ក្យាតក្នុងមួយដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕