សម្តេចតេជោ ហ៊ុន សែន បានរកឃើញប្រភពរូបថតហើយ គឺត្រូវបានជនបរទេសដាក់លក់តាម Online


(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវរកអ្នកថតរូប មួយសន្លឹករបស់សម្ដេច ពេលទៅចរចានៅ ប្រទេសបារាំង និងប្រទេសផ្សេងទៀត អំឡុងទសវត្សរ៍៩០នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានរកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។

ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពី លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចូលខមិនរាយការណ៍ជូនសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជួយបញ្ជាក់អំពីប្រភពនៃ រូបថតនេះ ដែលត្រូវបានដាក់លក់ដោយជនបរទេស។

ជាការឆ្លើយតបនឹងខំមិនរបស់ លោកឆាយ សុផល, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរ គុណ ដែលលោកបានស្វែងរកឃើញប្រភពរូបថតនេះ។

សម្ដេចបានបញ្ជាក់ទៀតថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ។ តាមស្មាននៅមាន រូបថតច្រើនទៀត ដែលជនបរទេសថតហើយអាចនឹង ដាក់លក់សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្តេចមួយសន្លឹក ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០។

តាមរយៈបណ្ដាញសង្គម សម្រេចលើកឡើងដូច្នេះថា៖

«លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសម្គាល់៖

១. អ្នកការពារខ្ញុំឈ្មោះវឿន បានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល ១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។

២. កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល ១៤ ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆកា ១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។

ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិន ដោយបញ្ជាក់ថា ថតនៅឆ្នាំណា និងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន»៕