រាជរដ្ឋាភិបាល ចាប់ផ្តើមកែលម្អគុណភាព ការផ្តល់សេវាដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមកែលម្អគុណភាព នៃការផ្តល់សេវាដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ពិសេសបង្កើនចំណូលថវិកាជាតិ។

ក្នុងឱកាសជួបពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពី ចុះសិក្សាទំរង់បែបបទ និង នីតិវិធី នៃការផ្តល់សេវា ក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២ ខែមករា នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារ អន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤ មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធី ផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។
លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធី ផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួល ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធី នៃការផ្តល់សេវាដីធ្លី នៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញ ដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការគាំទ្រ ចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើន រវាងមន្រ្តីផ្តល់សេវា និង អ្នកមកទទួលសេវា ឲ្យកាន់តែងាយស្រួលជាងមុន លឿនរហ័ស និង ប្រកបដោយគុណភាព។

លោកអភិបាលរាជធានីភ្នំពេញបានអៈអាងថា កន្លងមកនេះ ប្រជាពលរដ្ឋ បានគាំទ្រយ៉ាងខ្លំាង លើការមកទទួលសេវាផ្នែកនេះ នៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើនដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃ អ្នកជាប់ព្រំជាដើម។

គួរបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧ មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង ៣១០០០សេវា ហើយទទួលបានទឹកប្រាក់ ចូលថវិកាជាតិ ជាង៤៧៤៤លានរៀលផងដែរ៕