ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់ប្រជាពល រដ្ឋកុំឲ្យមានការព្រួយបារម្ហ ចំពោះរឿងអង្ករឡើងថ្លៃ ខណៈក្រសួងពាណិជ្ជកម្ម ធ្លាប់មានស្នាដៃ រួចមកហើយ ក្នុងការធ្វើអន្តរាគមន៍ លើទីផ្សារចំពោះបញ្ហាថ្លៃអង្ករ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិ ជ្ជកម្ម» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «បើករណីអង្ករឡើងថ្លៃ សូមកុំឲ្យភ័យ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ហ្គ្រីនត្រេដ ធ្លាប់មានស្នាដៃរួចមកហើយ ក្នុងការធ្វើអន្តរាគមន៍ នៅលើទីផ្សារចំពោះបញ្ហា ថ្លៃអង្ករ»។
ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងថា នៅក្នុងអំឡុងពេលកូវីដ-១៩ ពេលមានតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយចុះទៅតាមទីតាំងនៃតំបន់ក្រហម ដែល រៀបចំការលក់ នៅនឹងកន្លែង ដើម្បីចែកចាយជូនប្រជាពលរដ្ឋដែលមានថវិកា តែអត់អាចចេញទៅ ទិញបាន។ បន្ថែមពីនោះទៀត ឯកឧត្តម បានបញ្ជាក់ថា ពេលនោះ មានបងប្អូនជាច្រើនបានសួរថា ម្ដេចក៏មិនចែក ម្ដេចក៏ចាំបាច់លក់ ហើយលោកជម្រាបជូនថា នៅពេលនោះ ក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម គឺចែកក៏ចែក លក់ក៏លក់។
ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងថា ការចែក គឺចែកជាកញ្ចប់ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ តាមរយៈគណៈកម្មការជាតិគ្រោះមហន្ដរាយ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងតាមរយៈរដ្ឋ បាលខេត្តក្រុង ផ្សេងៗ ប៉ុន្តែក្រសួង ក៏មានលក់ចែកចាយផងដែរ។ ដោយឡែក ការចែកគឺមិនអាច ចែក រហូតដល់បន្លែ និងសាច់នោះទេ ក៏ប៉ុន្ដែលក់ ក្រសួងអាចលក់ទៅដល់កន្លែង។
ឯកឧត្តម បានបន្ថែមទៀតថា កន្លងមកក្រសួង បានសម្របសម្រួលឲ្យមានចរន្ត នៃការផ្គត់ផ្គង់ទំនិញ ចាំបាច់ផ្សេងៗ មកដល់ទីផ្សារ ដើម្បីបង្ខិតទំនិញទាំងនេះ មកជិតនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនេះ ជាមោទនភាពមួយទៀត ដែលក្រសួង បានធ្វើនៅក្នុងអំឡុង៥ឆ្នាំនេះ។
លើសពីនោះទៀត ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ទាំងនេះ ក៏ជាគំរូនៅពេលក្រោយៗ ទៀត ពេលដែលមានបញ្ហាគ្រោះមហន្ដរាយរបៀបនេះ ក្រសួងនឹងអនុវត្តកិច្ចការនេះ ឲ្យទាន់ពេល វេលា ស្របពេលក្រសួងមានសេនាធិការ គឺក្រុមហ៊ុនហ្គ្រីនត្រេដ ដែលធានាស្តុកស្រូវអង្ករ។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនហ្គ្រីនត្រេដ មិនត្រឹមតែធានា ស្ដុបស្រូវ-អង្ករនោះទេ គឺក្រុមហ៊ុនមានការធានា រហូតដល់មានមី, ទឹកសុទ្ធ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុងទៀតផង។
ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ទាំងអស់នេះ បានមកពីរោងចក្រផលិតក្នុងស្រុក ហើយយើង ត្រូវមានមោទនភាពថា ក្រសួងបានគាំទ្រសហគ្រាសតូច និងមធ្យម ហើយបានគាំទ្រនូវការអនុវត្ត យុទ្ធនាការទិញផលិតផលខ្មែរ សម្រាប់លក់ចែកចាយ និងឆ្លើយតបនៅក្នុងពេលគ្រោះមហន្ដរាយ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង១៦% បាន បរិមាណសរុបចំនួន ៣២៧,២០០ តោន គិតជាទឹកប្រាក់ជាង១៩៨លានដុល្លារសហរដ្ឋអាមេរិក៕