ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ប្រទេសជប៉ុននៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូ យុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា


 (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បែបនេះ តាមរយៈសកម្មភាពជំនួយទាំងឡាយ របស់ជប៉ុនក្នុងការជួយដល់ការអភិវឌ្ឍន៍កម្ពុជា រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អមដោយលោកស្រី KAMEI Haruko ប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងសហការី នៅថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិ ការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញ ប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទាន ឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោ បាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាលដាក់ចេញពីមួយ អាណត្តិ ទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តម បន្តថា ជាក់ស្តែង ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្ម ឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះ ទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លង មាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០», កិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តី ត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និង ប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានកំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្ត ភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនដ៏ឆ្នើម នាពេលថ្មីៗកន្លង មក ។

លោក HATAEDA Mikio សូមថ្លែងអំណរគុណ ចំពោះការចូលរួមរំលែកទុក្ខ របស់អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងសម្តែងនូវគារវកិច្ចដ៏ ខ្ពង់ខ្ពស់ចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អនុញ្ញាតឲ្យក្រុមការងារ JICA ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩។

លោក HATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួន ដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពី ប្រទេសជប៉ុន (Japanese ODA Loan) ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខ ភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និង សូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅ អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្ត ពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕