នាយក CIA អាមេរិក វាយតម្លៃថាកងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន


 (ខូឡូរ៉ាដូ)៖  តាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ គឺ សហរដ្ឋអាមេរិក បានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។

លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀប ចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ ។ ថ្លែងនាឱកាសនោះ នាយក CIA រូបនេះបានគូសបញ្ជាក់ដូច្នេះថា «សហគមន៍ស៊ើបការណ៍សម្ងាត់ អាមេរិកបានវាយតម្លៃចុងក្រោយបំផុតថា កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ (ក្នុងប្រទេស អ៊ុយក្រន) រីឯអ្នករងរបួសប្រហែលជាមានច្រើនជាងអ្នកស្លាប់នេះចំនួន៣ដង»។ បើតាមលោក បឺន ខាងអ៊ុយក្រែន ក៏មានកងទ័ពស្លាប់ និងរបួសច្រើនដូចគ្នាដែរ តែនៅមានចំនួនតិចជាងរុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់ ឬរងរបួសនោះទេ ចាប់តាំង ពីថ្ងៃទី២៥ ខែមីនាមកជាទីដែលទីក្រុងមូស្គូបានអះអាងថាកងទ័ពរបស់ ខ្លួន ១,៣៥១នាក់ត្រូវបាន សម្លាប់ហើយរដ្ឋាភិបាលអ៊ុយក្រែនក៏បញ្ជាក់កាលពីខែមិថុនាដែរថាកងទ័ពរបស់ខ្លួនប្រហែលចន្លោះពី១០០ ទៅ២០០នាក់ បានពលីជីវិតក្នុងពេល មួយថ្ងៃ៕