(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ បានបន្ទាបការ ព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍមក ត្រឹម ៤.៦% នៅឆ្នាំនេះ ដោយសារកំណើនថយចុះក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ការរឹតបន្តឹង រូបិយ វត្ថុកាន់តែខ្លាំង ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងផលវិបាកដែលបណ្តាលមកពីការ អូស បន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទស្សនវិស័យនេះប្រែប្រួលពីការព្យាករ ៥.២% ដែលចេញដោយ ADB កាលពីខែមេសា។ ធនាគារ អភិវឌ្ឍន៍អាស៊ីក៏បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់អតិផរណាក្នុងតំបន់ ខណៈដែលតម្លៃម្ហូប អាហារ និង ប្រេងឥន្ធនៈកាន់តែខ្ពស់។
តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកំពុងបន្តការងើបឡើងវិញរបស់ខ្លួន ពីជំងឺរាតត្បាត កូវីដ ១៩ នេះ បើ យោង តាមរបាយការណ៍បំពេញបន្ថែម ទស្សនវិស័យអភិវឌ្ឍន៍ អាស៊ី សម្រាប់ឆ្នាំ ២០២២ (Asian Development Outlook (ADO) 2022 Supplement) ដែលចេញផ្សាយនៅ ថ្ងៃនេះ។ ប្រទេស ជា ច្រើនកំពុងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីពង្រឹងសកម្មភាពសេដ្ឋ កិច្ច។ ទោះជាយ៉ាងនេះក្តី កំណើនបានថយចុះនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន ដែលជា ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុង តំបន់ ដោយសារតែការរំខានពីការបិទតំបន់មួយចំនួនសារ ជាថ្មីដោយសារកូវីដ១៩ ព្រមទាំងតម្រូវការ សកល ដែលចុះខ្សោយ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ផលប៉ះពាល់សេដ្ឋកិច្ច នៃ ជំងឺរាតត្បាតបានធ្លាក់ចុះនៅភាគច្រើននៃតំបន់អាស៊ី ប៉ុន្តែយើងនៅឆ្ងាយពីការងើបឡើងវិញពេញ លេញ និងប្រកបដោយនិរន្តរភាព ។ ក្រៅពីកំណើនថយចុះនៅសាធារណៈរដ្ឋប្រជាមានិតចិន ឥទ្ធិពលនៃសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានបន្ថែមសម្ពាធអតិផរណាដែលបណ្តាលឱ្យ ធនាគារកណ្តាលនៅជុំវិញពិភព លោកដំឡើងអត្រាការប្រាក់ជាហេតុនាំឱ្យកំណើនថយចុះ។ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ ភាពមិនប្រាកដប្រជាជាសកលទាំងអស់នេះ ដែល បន្តបង្កហានិភ័យដល់ការងើបឡើងវិញនៃតំបន់»។
សេដ្ឋកិច្ចរបស់សាធារណៈរដ្ឋប្រជាមានិតចិន កើនបាន ៤.0% ក្នុងឆ្នាំនេះ ធៀបនឹងការព្យាករ ពីមុន ៥.0%។ ADB ក៏បានទម្លាក់ទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌាមកត្រឹម ៧.២% ពី ៧.៥% ដោយសារមានអតិផរណាខ្ពស់ជាងការរំពឹងទុក និងការរឹតបន្តឹងរូបិយវត្ថុ។
អតិផរណានៅក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងកើនឡើងដល់ ៤.២% នៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុន ៣.៧%។ ទោះជាយ៉ាងណាក៏ដោយសម្ពាធ អតិផរណា នៅក្នុង តំបន់ទាំងមូលនៅតែទាបជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។
សម្រាប់ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច របស់ខ្លួន សម្រាប់តំបន់មកត្រឹម ៥.២% ពី ៥.៣% ខណៈដែលបង្កើនការព្យាករអតិផរណាដល់ ៣.៥% ពី ៣.១%។
ការព្យាករកំណើនសម្រាប់អនុតំបន់មួយចំនួនត្រូវបានកែប្រែ។ ទស្សនវិស័យសម្រាប់អាស៊ីអាគ្នេយ៍ ត្រូវបានដំឡើងដល់ ៥.0% នៅឆ្នាំនេះពី ៤.៩% ដោយសារមានការកើនឡើងនៃតម្រូវការក្នុងស្រុក បណ្តាលមកពីការរឹតត្បិតកូវីដ១៩ កាន់តែធូរស្រាល។ ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ី កណ្តាលត្រូវបានដំឡើងដល់ ៣.៨% ពី ៣.៦% ដោយសារប្រទេសមួយចំនួននៅក្នុង តំបន់អាចទប់ទល់ នឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានល្អ ជាងការរំពឹងទុក។ នៅក្នុងតំបន់ ប៉ាស៊ីហ្វិក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៅហ្វីជី បានជួយឱ្យទស្សនវិស័យកំណើននៃតំបន់ នេះមានភាពកើនឡើងដល់ ៤.៧% ពី ៣.៩%៕