(ភ្នំពេញ)៖ មានប្រសាសន៍អំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិត ផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ថា ពិតជាបានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ការអភិវឌ្ឍ វិស័យកសិកម្មនៅប្រទេសកម្ពុជា។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានមាន លើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំង ពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅ មក ពិសេស ធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍឲ្យអស់ពី លទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទំាងពីរ ប្រកបដោយចីរភាព។
ឯកឧត្តម វេង សាខុន៖ «ជាលទ្ធផល ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេស ចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃ ១៩៤២លាន ដុល្លារ អាមេរិក»៕