ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញមុខងារម៉ាស៊ីនទំនើប ០៤គ្រឿងទៀត មានសមត្ថភាពខ្ពស់ជួយ ត្រួតពិនិត្យគុណភាពផ្លូវ


(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី ជួសជុល កែលម្អ និងលើកកម្ពស់គុណភាព លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយនឹងកែលម្អផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ គេសង្កេតឃើញវត្តមានរបស់ ឯកឧត្តម រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការ ចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជា ដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរឬយ៉ាងណា។

ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានដឹកក្រុមការងារបច្ចេក ទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោង ធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយ នាំយកទៅជាមួយនូវឧបករណ៍ទំនើបស៊េរីថ្មី ៤គ្រឿង បន្ថែមទៀត ដើម្បីធ្វើការត្រួតពិនិត្យលើគុ ណភាពផ្លូវ ដែលមានលក្ខណៈទំនើប និងសុក្រឹតភាពខ្ពស់ក្នុងការត្រួតពិនិត្យលើគុណភាពផ្លូវ។

បើតាម ឯកឧត្តម រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបករណ៍ទំនើប ៤គ្រឿងនេះរួចមាន៖ ម៉ាស៊ីន ROMDAS , ម៉ាស៊ីន FWD , ម៉ាស៊ីន Nuclear Density Gauges និងម៉ាស៊ីន GPR ដែលក្នុងនោះ សម្រាប់ ម៉ាស៊ីន ROMDAS មានលទ្ធភាពត្រួតពិនិត្យកម្រិតរលាក់ ឬភាពគ្រើមរបស់ផ្លូវ ដែលហៅតាមភាសា អង់គ្លេសថា IRI (The International Roughness Index), អាចវាយតម្លៃស្ថានភាពផ្ទៃផ្លូវដូចជា ស្នាមស្រទបចេក, ស្នាមប្រេះលើផ្ទៃផ្លូវជាដើម លើសពីនេះទៅទៀតម៉ាស៊ីននេះអាចថតរូប ៣៦០ ដឺក្រេ ហើយមានអរដោនេទៀតផង និងអាចចាប់ទីតាំងផ្លាកសញ្ញាចរាចរណ៍បាទៀតផង។

ម៉ាស៊ីន FWD (Falling Weight Deflectometer ) ជាម៉ាស៊ីនតេស្តសម្រុតគ្រឹះផ្លូវ (Deflection) ដែលជាមូលដ្ឋានក្នុងការវាយតម្លៃលទ្ធភាពទ្រទ្រង់របស់គ្រឹះផ្លូវ(គុណភាពរបស់ផ្លូវ)។ ម៉ាស៊ីន Nuclear Density Gauges ជាម៉ាស៊ីនសម្រាប់វាស់ដង់ស៊ីតេ និងសំណើមស្រទាប់គ្រឹះផ្លូវ និង ម៉ាស៊ីនចុងក្រោយគឺ ម៉ាស៊ីន GPR (Ground Penetrating Radar) ជាម៉ាស៊ីនស្គែនផ្លូវ ដែលអាច ឱ្យយើងដឹងពីចំនួន និងកម្រាស់ស្រទាប់គ្រឹះផ្លូវរហូតជម្រៅ ០,៥០ម៉ែត្រ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ឧបករណ៍ទំនើបទាំង ០៤ប្រភេទនេះ គឺជាប្រភេទឧបករណ៍ដែលធ្វើ តេស្តដោយមិនខូចរចនាសម្ព័ន្ធផ្លូវ (មិនតម្រូវឱ្យមានការជីកកាយ) ផ្តល់ព័ត៌មានលឿន និងសុក្រឹត ៕