(តេហេរ៉ង់)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ គឺមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនថា បើទោះជាលោកមិនបាន ចាប់ផ្ដើមសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ក៏នៅទីបំផុតទៅ បក្សសម្ព័ន្ធយោធាណាតូ (NATO) គឺជាអ្នកចាប់ផ្ដើមសង្រ្គាម នេះដដែល។
ការលើកឡើងរបស់លោក ខាមេនី ត្រូវបានដកស្រង់ចេញផ្សាយនៅលើគេហទំព័ររបស់លោក បន្ទាប់ពីលោកផ្ទាល់បានជួបពិភាក្សាការងារជាមួយលោក ពូទីន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងទីក្រុងតេហេរ៉ង់។ លោក ខាមេនី បានលើកឡើងដូច្នេះថា «អ៉ីរ៉ង់មិនចង់ឃើញសង្រ្គាមដែល ជាអំពើហិង្សា និងបញ្ហា ដ៏ស្មុគស្មាញកើតឡើងនោះទេ។ ប៉ុន្តែ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន បើទោះ ជាអ្នក (លោក ពូទីន) មិនបានចាប់ផ្ដើមសង្រ្គាមនេះមុនក៏ដោយ ក៏ភាគីដទៃ (ណាតូ) អាចនឹងក្លាយជា អ្នកចាប់ផ្ដើមមុន ហើយបង្កសង្រ្គាមនេះឡើងដដែល»។
មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ ក៏បានរិះគន់ដែរថាលោកខាងលិចបានប្រឆាំងនឹងភាពខ្លាំងក្លា និង ឯករាជ្យភាពរបស់រុស្ស៉ី។ «បក្សសម្ព័ន្ធណាតូមិនចេះ ស្កប់ស្កល់នោះទេ ប្រសិនបើឱកាសនៅតែមាន ហើយទោះជាសង្រ្គាមមិនកើតឡើងនៅអ៊ុយក្រែន ក៏ពួកគេអាចនឹងចាប់ផ្ដើមសង្រ្គាមដោយប្រើ តំបន់គ្រីមៀ ជាលេស»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ខាមេនី។
ដោយឡែក លោក ពូទីន ក៏ត្រូវបានគេដកស្រង់សម្ដីដែរថា លោកបាននិយាយថាការបាត់បង់ដល់អា យុជីវិតជនស៊ីវិល គឺជាសោកនាដកម្មមួយដ៏ធំ ប៉ុន្តែជាដដែល លោកនៅតែទម្លាក់កំហុសលើលោក ខាងលិចថាជាអ្នកបង្ខំឱ្យរុស្ស៉ីធ្វើសង្រ្គាម៕