(សៀមរាប)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ រយៈពេល០១ ថ្ងៃនៅសណ្ឋាគារសុខាសៀមរាប និងតាមប្រព័ន្ធ ZOOM។
ថ្លែងក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នាថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះចរន្តនៃការ រីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងផ្នែកបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានក្លាយទៅជាកត្តាគន្លឹះកំណត់នៅនិន្នាការវិវត្តន៍នៃសេដ្ឋកិច្ចសង្គម ជាមួយនឹងការបង្កើតឡើងទាំង កលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ បច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យផ្លាស់ប្ដូរយ៉ាងលឿន នៅក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុន និង ផ្ដល់ឱកាសឲ្យប្រព័ន្ធផ្សព្វផ្សាយមានលទ្ធភាពបង្កើនលទ្ធភាពរបស់ខ្លួន ប្រសិទ្ធភាពការងារ និងគុណ ភាពនៃផលិតកម្ម ដូចជារូបភាព សំឡេង ល្បឿន និងកាត់បន្ថយនូវការចំណាយ ថ្លៃដើមក្នុងការ ផលិត។
លោក ផុស សុវណ្ណបានបន្តថា បច្ចេកវិទ្យាបានជំរុញ និងលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ធ្វើឲ្យ មានភាពសម្បូរបែបក្នុងឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ដ។ ខណៈដែលឌីជីថល និង ពាណិជ្ជកម្ម នៃប្រព័ន្ធផ្សព្វផ្សាយបានផ្តល់ឱកាសច្រើន ហើយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារ ព័ត៌មាន បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ និងទាមទារឲ្យ អ្នកសារព័ត៌មានមានកម្រិតអប់រំជំនាញខ្ពស់ ការកើននៃព័ត៌មានមិនពិត ឬឧក្រិដ្ឋកម្ម និងបទល្មើស ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។
បន្ថែមពីនេះ ចំពោះអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវសម្របខ្លួនឲ្យទាន់ នឹងបច្ចេកវិទ្យានេះ ដោយត្រូវមានសមត្ថភាពជាមូលដ្ធានក្នុងការដឹកនាំ ដូចជាការសម្រេចចិត្តរហ័ស ការកសាង ការពង្រឹងសមត្ថភាពក្រុមការងារ និងការពង្រឹងគុណភាពព័ត៌មាន ដើម្បីអោយអង្គភាព សារព័ត៌មានខ្លួនអាចរស់បាន នឹងឈរជើងក្នុងទីផ្សារ។ល។
លោកក៏បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះហើយទើបក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងស្វែងយល់បន្ថែមទៀត អំពីការវិវត្ត និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងយុគសម័យឧស្សា ហកម្ម៤.០ ព្រមទាំងស្វែងយល់អំពីស្ថានភាព នៃភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងសិក្សាអំពីបទពិសោធន៍អង្គភាពសារព័ត៌មានក្នុងស្រុក ក្នុងការផ្លាស់ប្ដូរឥរិយាបថ និងភាពជាអ្នក ដឹកនាំអាចសម្របខ្លួនបានទៅតាមបច្ចេកវិទ្យា។
សូមបញ្ជាក់ថា សិក្ខាលសាលានេះ ក៏មានការអញ្ជើញវាគ្មិន៤ រូប ដែលសុទ្ធសឹងមានបទពិសោធន៍ ក្នុងប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់អង្គភាពរបស់ខ្លួនមកធ្វើបទបង្ហាញផងដែរ ដូចជា លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន ស៊ីស៊ីថាម លោក សុខ សំអាត អ្នកជំនាញទីផ្សារឌីជីថល ក្រុមហ៊ុន Yoopec និងវាគ្មិនមួយរូបទៀត នៅប្រទេសឥណ្ឌា ដែលធ្វើបទបង្ហាញតាម VDO Conference៕