ធនាគារជាតិនៃកម្ពុជា មិនលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់កម្ចីទៅប្រើប្រាស់ ប៉ះពាល់ដល់វិស័យបរិស្ថាននោះទេ


 (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងហានីភ័យ បរិស្ថាន និងសង្គម និងអភិបាលកិច្ច ដែលវគ្គបណ្ដុះបណ្ដាលនេះ នឹងចូលរួមបញ្ជ្រាបចំណេះដឹង បន្ថែម ដល់មន្រ្ដីជាន់ខ្ពស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការយល់ដឹងអំពីផលប៉ះពាល់ បរិស្ថាន និងការសម្រេចចិត្តមុន ផ្ដល់កម្ចីដល់អាជីវកម្មណាមួយ ដែលប៉ះពាល់ដល់បរិស្ថាន។

លោកជំទាវ ជា សិរី បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា សម្រាប់វគ្គបណ្ដុះ បណ្ដាលនេះ ផ្ដោតសំខាន់លើការកសាងសមត្ថភាព របស់មន្រ្ដីក្នុងវិស័យធនាគារ និងមន្រ្ដីធនាគារ ជាតិ ឲ្យយល់កាន់តែច្បាស់ ពីហានីភ័យនៃការប្រែប្រួលអាកាសធាតុ ដោយសារបច្ចុប្បន្ននេះ នៅទូ ទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំង លើការប្រែប្រួលអាកាសធាតុនេះ ដោយសារតែការ ប្រែប្រួលអាកាសធាតុ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ដូច្នេះវិស័យធនាគារ ពិតជាដើរតួ នាទីយ៉ាងសំខាន់ ក្នុងការយកចិត្តទុកដាក់លើការយល់ដឹង ពីការប្រែប្រួលអាកាសធាតុ និងបញ្ហា បរិស្ថាននេះ ព្រោះធនាគារជាអ្នកផ្ដល់ធន ផ្ដល់កម្ចី ដូច្នេះការចូលរួមរបស់ធនាគារ គឺផ្ដោតលើការ យល់ដឹងថា តើអ្នកដែលស្នើសុំកម្ចីនេះ បានយកទៅប្រើប្រាស់ប៉ះពាល់ដល់វិស័យបរិស្ថានឬទេ? ប្រសិនបើប៉ះពាល់ដល់បរិស្ថាន គឺយើងមិនលើកទឹកចិត្តឲ្យផ្ដល់កម្ចីនោះទេ ហើយបើការផ្ដល់នោះ មានផលប៉ះពាល់ខ្លះទៅលើបរិស្ថាន ធនាគារត្រូវមានវិធានការបន្ទាប់បន្សំ ក្នុងការកាត់បន្ថយអំពី ផលប៉ះពាល់ទាំងនោះ។

លោកជំទាវបានបន្ដថា នាពេលនេះគ្រាន់តែជាការកសាងសមត្ថភាពប៉ុណ្ណោះ ដើម្បីឲ្យមន្រ្ដីធនាគារ បានយល់ដឹងថា ការប្រែប្រួលអាកាសធាតុ ឬបញ្ហាបរិស្ថាននេះ មិនមែនផ្ដោតតែលើវិស័យបរិស្ថាន តែមួយមុខប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវ គឺយើងទាំងអស់គ្នាមានតួនាទី ដើម្បីចូលរួមចំណែក កាត់បន្ថយ ការប្រែប្រួលអាកាសធាតុនេះ ដូច្នេះយើងចង់កំណត់ឲ្យច្បាស់ថា ចំពោះវិស័យធនាគារ តើត្រូវមានតួនាទីយ៉ាងដូចម្ដេច? ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះ នឹងឲ្យមន្រ្ដីធនាគារចាប់ផ្ដើមយល់ ពិភាក្សា នឹងគិតគូរថាតើវិស័យធនាគារគួរធ្វើអ្វីខ្លះ ដើម្បីរួមចំណែកក្នុងកិច្ចប្រឹប្រែងរបស់រាជរដ្ឋាភិ បាល ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោកស្រីបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដោយឡែក ចំពោះវិស័យធនាគារផ្ទាល់ ក៏ធ្លាប់រៀបចំជាហូរហែរមក។ ចំពោះវគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ ធនាគារជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលប្រទេសអង់គ្លេស ដើម្បីរៀបចំការអប់រំ កសាង សមត្ថភាពនេះបន្ថែមទៀត។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា គោលបំណងនៃ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីបង្កើត និងអនុវត្តការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ អភិវឌ្ឍ និងលើកកម្ពស់ឱកាសអាជីវកម្ម ប្រកបដោយនិរន្តរភាព។ ក្នុងនោះក៏បានរួមចំណែកកាត់បន្ថយ ឬជៀសវាងហានិភ័យបរិស្ថាន និងសង្គមដែលបានបង្កើត តាមរយៈការផ្តល់ប្រាក់កម្ចីពីវិស័យឯកជន៕