ទេសរដ្ឋមន្ត្រី គន់ គីម បើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ បានបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធាន បទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»

ពិធីនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិភាពទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុក អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់អង្គការដៃគូ ក្រសួង ស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចូលរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌការងារសេនដាយ សម្រាប់ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។ ពាក់ព័ន្ធនឹងក្របខ័ណ្ឌការងារសេនដាយ រាជរដ្ឋាភិបាលបានកំណត់នូវគោលដៅសំខាន់ នៃការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ គឺប្រមូលផ្តុំការចូលរួមធ្វើសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបានដាក់ចេញនូវផែនការសកម្មភាព សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ សម្រាប់ឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣ រួមទាំងផែនការយុទ្ធសាស្ត្រ នៃការប្រែប្រួល អាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣ ផងដែរ។ ដោយទទួយស្គាល់ថានៅត្រឹមឆ្នាំ២០២៣ គឺជាចំណុចកណ្ដាល ក្នុងការអនុវត្តក្របខ័ណ្ឌការងារសេនដាយ។

វេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ដែលបានរៀបចំឡើងនាពេល នេះ គឺមានគោលបំណងដើម្បីលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងការ អនុវត្តល្អៗ ក្នុងការអនុវត្ត សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈការផ្លាស់ ប្តូរទស្សនៈ គ្នាទៅវិញទៅមក រវាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ អង្គភាពរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន, ពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និង ការវិនិយោគ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផលប៉ះពាល់លើគ្រប់ប្រភេទ នៃ គ្រោះមហន្តរាយនាពេលបច្ចុប្បន្ន និងអនាគត និងរួមចំណែក ក្នុងការកាត់បន្ថយកម្រិតហានិភ័យ គ្រោះមហន្តរាយ និងបង្កើនសុវត្ថិភាពនៅទូទាំងប្រទេស៕