(បាត់ដំបង)៖ ការនាំចេញពោតក្រហមពីខេត្តបាត់ដំបងទៅប្រទេសថៃ នៅតែដំណើរការជាប្រក្រតី ដោយបច្ចុប្បន្ននេះនៅតែមានឈ្មួញដើរទិញពីកសិករ សម្រាប់នាំចេញជាធម្មតា ក្នុងរង្វង់ពីជាង១ ពាន់តោនទៅបីពាន់តោនក្នុងមួយថ្ងៃ ខណៈតម្លៃបានចាប់ផ្តើមឡើងបន្តិចវិញហើយ បន្ទាប់ពីធ្លាក់ចុះ កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីក្រុមជញ្ជីងចល័ត ចុះចាប់ឡានដឹកលើសទម្ងន់ធ្ងន់ធ្ងររហូតដល់ជាង ៨០តោន។ នេះបើតាមការបញ្ជាក់របស់ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរពាណិជ្ជកម្ម ខេត្ត បាត់ដំបង។
ថ្លែងប្រាប់នៅថ្ងៃទី១២ ខែមិថុនានេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បាន ឱ្យដឹងថា ការទិញលក់ពោតក្រហម ក្នុងខេត្តបាត់ដំបងនៅតែដំណើរជាធម្មតាទេ ដោយក្នុងមួយថ្ងៃនាំ ចេញប្រមាណពី ២៥០០តោនទៅ៣០០០តោន ខណៈខាងថៃចាប់ផ្តើមដឹកទម្ងន់ស្តុក តាមបទដ្ឋាន កំណត់របស់ក្រសួងសាធារណការ បន្ទាប់ពីមានវិធានការផ្លូវច្បាប់តឹងរឹង។
លោកបានបញ្ជាក់ថា មុនពេលក្រុមជញ្ជីងចល័ត ចុះមកចាប់ឡានដឹកលើសទម្ងន់ ពោតក្រហមមាន តម្លៃ ៦.៣បាត ឬស្មើនឹងជាង៧០០រៀល ក្រោយមានភ្ញាក់ផ្អើល បណ្តាលឱ្យឈ្មួញថៃផ្អាកការ បញ្ជាទិញបណ្ដោះអាសន្ន តម្លៃពោតបានចុះមក៥.៣បាត ឬស្មើនឹងប្រមាណ៦០០រៀលក្នុងមួយ គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះតម្លៃពោតចាប់ផ្តើមកើនបន្តិចវិញ ដល់៥.៥បាត ទៅ៥.៦បាត ឬស្មើនឹង ៦៦០រៀល ទៅ៦ ៧០រៀល។
លោកបានឱ្យដឹងថា ការធ្លាក់ចុះនេះ គឺដោយសារឈ្មួញថៃឆ្លៀតឱកាសទម្លាក់ថ្លៃ ដែលនឹងធ្វើឱ្យ កសិកររងផលប៉ះពាល់ ដោយសារតែតម្លៃជី ថ្នាំកសិករ ប្រេង ឡើងថ្លៃ។
លោកបានគូសបញ្ជាក់ថា «កាលពេលចាប់ឡានលើកដំបូង តម្លៃពោត៦.៣បាត ហើយដល់ពេល ភ្ញាក់ផ្អើលទៅខាងសៃឡូ គាត់ផ្អាកទិញតែមួយភ្លែតសិនទេ គឺធ្លាក់ចុះមកនៅត្រឹម៥បាតជាង គេខ្លាច ឡានថៃអត់ចូលមក។ ដល់ពេលស្អែកឡើងឡានថៃដែលដឹកទម្ងន់អត់លើសចូលមកទិញធម្មតាវិញ អីចឹងតម្លៃបានឡើងដល់៥.៥បាត ទៅ៥.៦បាតវិញរាល់ថ្ងៃនេះ។ ប៉ុន្តែបើសិនជាក្រុមហ៊ុនស៊ីភី ចាប់ ផ្តើមបញ្ជាទិញដែរ ក៏យើងបានកាត់ចំណែកធំនាំចេញទៅប្រទេសថៃដែរ ក្រុមហ៊ុនស៊ីភី នឹងចាប់ផ្តើម ទិញក្នុងអាទិត្យនេះដែរហើយ សម្រាប់ធ្វើចំណីសត្វ។ តែបើយើងប្រៀបធៀបតម្លៃឆ្នាំនេះទៅនឹងឆ្នាំមុន ក៏យើងនៅតែប្រសើរជាង បើទោះបីជារបស់របរ ជី ប្រេងឡើងថ្លៃក៏ដោយ ព្រោះតម្លៃប៉ុណ្ណេះ កសិករនៅមានប្រាក់ចំណេញនៅឡើយទេ។»
លោករំពឹងថា បន្ទាប់ពីក្រុមហ៊ុនស៊ីភី ចុះប្រមូលពោតពីកសិករសម្រាប់ផលិតចំណីសត្វនោះ តម្លៃ ពោតនឹងល្អប្រសើរថែមទៀត ព្រោះជាទូទៅ ក្រុមហ៊ុនស៊ីភី ទិញក្នុងតម្លៃល្អជាង ការលក់ឱ្យឈ្មួញ នាំទៅប្រទេសថៃ។ ជាធម្មតាក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅខេត្តប៉ៃលិន បានប្រមូលទិញ ពោតប្រមាណ១២ម៉ឺនតោនក្នុងមួយឆ្នាំ ដែលរួមចំណែក១៥%។
កាលពីពេលថ្មីៗនេះ ក្រុមការងារជញ្ជីងចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះ ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលផ្ទុកលើសទម្ងន់ធ្ងន់ធ្ងររហូតដល់ខ្ទង់៨០តោន។
ចំណែក លោក ទឹម ឡាង កសិករដាំពោត លើផ្ទៃដីជា១០ហិកតា នៅស្រុកសំពៅលូន ខេត្តបាត់ ដំបង បានឱ្យដឹងថា សម្រាប់ចម្ការលោកបានប្រមូលផលរួចហើយ ដោយលក់បានក្នុងតម្លៃ៦.១៥ បាតក្នុងមួយគីឡូក្រាម ដែលអាចនឹងទទួលបានផលចំណេញខ្លះ បើទោះបីជាតម្លៃជី ប្រេងឡើងថ្លៃ ក៏ដោយ។
បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា បច្ចុប្បន្ននេះ ការប្រមូលផលពោត ក្រហមនៅខេត្តបាត់ដំបងបានប្រមា ណ៣០%ហើយ ក្នុងចំណោមផ្ទៃដីដុះជាង៥ម៉ឺន៣ពាន់ហិកតា។
លោកបន្តថា តម្លៃពោតនៅដើមរដូវ ថ្លៃក្នុងរង្វង់៦.១បាត ឬប្រមាណ៧០០រៀលក្នុងមួយគីឡូ បើ ធៀបនឹងកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ៥.១បាត ទៅ៥.៣បាតប៉ុណ្ណោះ សម្រាប់ពោតស្នួល។ ចំណែកពោតគ្រាប់វិញមានតម្លៃ ៨.៥បាត ប្រមាណ១០២០រៀលក្នុងមួយគីឡូ ខណៈឆ្នាំមុនមាន តម្លៃពី ៧.៥ទៅ៨បាតប៉ុណ្ណោះ ៕