ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានជាង ២៧ពាន់លានដុល្លារ កើន២០% នៅឆមាសទី១ ខណៈ ការនាំចញមានជាង ១១ពាន់លានដុល្លារ កើនជិត ៣៤%

 (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង អន្តរជាតិ ក្នុងរយៈពេល៦ខែឆ្នាំនេះ មានទំហំជាង២៧ពាន់លានដុល្លារ កើនឡើង២០.២% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញនាំចូល របស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល៦ ខែនេះ មានតម្លៃជាង ២៧.២៤ពាន់លាន ដុល្លារអាមេរិក កើនឡើង២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង ២២.៦៧ពាន់លានដុល្លារ។

ទិន្នន័យនេះឲ្យដឹងទៀតថា ក្នុងរយៈពេល៦ខែនេះ កម្ពុជានាំចេញក្នុងតម្លៃ ១១.៣៧ពាន់លានដុល្លារ កើនឡើង៣៣.៩% និងនាំចូលមកវិញ ក្នុងតម្លៃជាង១៥.៨៦ពាន់លានដុល្លារ កើនឡើង១១.៩%។

របាយការណ៍គយបានឱ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែល សម្រេចបានទំហំពាណិជ្ជកម្ម ៥.៩ពាន់លានដុល្លារ កើនឡើង១៩.៧% បើធៀបនឹងរយៈពេល ៦ខែដូចគ្នា កាលពីឆ្នាំ២០២១។ តាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជ កម្មរវាងគ្នា មានតម្លៃជាង ៤.៨១ពាន់លានដុល្លារ កើនឡើង៥១.៨%។ តែយ៉ាងណាប្រទេសនេះ គឺជាផ្សារដ៏ធំរបស់កម្ពុជា ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល៦ខែនេះ។

បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា កម្ពុជា បានប្រាប់ថា ការនាំចេញរបស់កម្ពុជាកើនឡើងនេះ គឺភាគច្រើននាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើងបានច្រើនជាងមុន ដោយសារតែបណ្តាប្រទេសផ្សេងៗ ថមថយនូវសង្វាក់ ផលិតកម្ម ដែលនាំឱ្យកម្ពុជានាំចេញកើនឡើងច្រើន។ លើសពីនេះទៅទៀត កម្ពុជាបាននាំចេញ ទំនិញផ្សេងទៀតដូចជាកង់ គ្រឿងអេឡិចត្រូនិក អគ្គិសនីសម្រាប់បំពាក់ក្នុងរថយន្តមួយចំនួនជា ដើម។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញសម្លៀកបំពាក់ បាន បង្ហាញកំណើនដ៏ល្អប្រសើរ ពោល គឺក្នុងរយៈពេល៦ខែនេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុង តម្លៃ ៤.៥ពាន់លានដុល្លារ ខណៈរយពេល៦ខែកាលពីឆ្នាំមុន នាំចេញតែ៣.២ពាន់លានដុល្លារ ប៉ុណ្ណោះ។ ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃ ៨៤៦លានដុល្លារ កើនឡើង៣២.៧%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី នាំចេញបានជាង ៧៦០លានដុល្លារ កើនឡើង ៥៨.៧% ។ បន្ថែមពីនោះការនាំចេញគ្រឿងសង្ហារឹមផ្សេងៗ មានតម្លៃ ៥២៥លានដុល្លារ កើនឡើង ៧៤.២%៕