យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ ដោយការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុងមួយ ដែលគ្រប់គ្រងដោយរុស្ស៊ី


 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់អោយដឹងថា រដ្ឋបាលដែលតែងតាំងដោយរុស្ស៉ីបាននិយាយថា យ៉ាងហោច ណាស់មនុស្ស ០៧នាក់បានស្លាប់ និង ៧០នាក់រងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ កងកម្លាំងអ៊ុយក្រែនទៅលើទីក្រុង Nova Kakhovka ដែលគ្រប់គ្រងដោយរុស្ស៊ី ក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

ខ្សែវីដេអូមួយនៅ លើបណ្តាញសង្គមដែលមិនបានបញ្ជាក់ពីប្រភព ច្បាស់លាស់បាន បង្ហាញពីផ្សែង និង ផ្កាភ្លើងនៅមុនពេលមានដុំភ្លើង ដ៏ធំមួយបានបាញ់ទៅលើមេឃពេលយប់។ រូបភាពបានបង្ហាញ ពីគំនរបាក់បែករាយប៉ាយពេញផ្លូវនិង អគារ ដែលឆេះ។

មន្ត្រីមកពីរដ្ឋបាលដែលដំឡើងដោយរុស្ស៊ីបាននិយាយថា អ៊ុយក្រែនវាយប្រហារដោយមីស៊ីល HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលបានបំផ្លាញឃ្លាំងផ្ទុកអំបិលបណ្តាលឱ្យមាន ការផ្ទុះដ៏ធំមួយ។

ចំណែកមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ពួកគេបានបំផ្លាញឃ្លាំងរំសេវមួយនៅ Nova Kakhovka។ លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋបាលតំបន់ Odesa បានសរសេរនៅលើ បណ្តាញ Telegram របស់គាត់ថា ទីក្រុង Nova Kakhovka ឥឡូវនេះត្រូវបានបោសសម្អាតឃ្លាំង អាវុធ៕