(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ គឺរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថាអ៊ីរ៉ង់កំពុង ត្រៀម បញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល ទៅឱ្យរុស្ស៉ីដើម្បីប្រើប្រាស់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថា ជាការឈ្លានពាន។
ផែនការបញ្ជូនយន្ដហោះដ្រូនខាងលើរបស់អ៊ីរ៉ង់ ទៅឱ្យរុស្ស៉ី ត្រូវបានប្រកាសដោយទីប្រឹក្សាសន្តិសុខ ជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេត វិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ដូច្នេះ ថា «ព័ត៌មានរបស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល»។ លោកបន្ថែមទៀតថា អ៊ីរ៉ង់ក៏កំពុងត្រៀមបណ្ដុះបណ្ដាលរុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ខ្លួនផងដែរដែល អាចនឹងធ្វើឡើង ឆាប់ៗនេះ ឬអាចនៅក្នុងខែកក្កដានេះតែម្ដង៕