ក្រុមផ្តាច់ខ្លួនរុស្ស៉ីបានរឹបអូសកប៉ាល់បរទេសចំនួន ២គ្រឿងនៅទីក្រុងកំពង់ផែ Mariupol


 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ក្រុមអ្នកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានរឹបអូសយកកប៉ាល់ដែលមាន ទង់ជាតិបរទេសចំនួនពីរនៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដោយនិយាយ ថាឥឡូវនេះវាក្លាយជា «កម្មសិទ្ធិរបស់រដ្ឋ» នៅក្នុងសកម្មភាពលើកដំបូងប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម។

ទីក្រុងកំពង់ផែ Mariupol នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានធ្លាក់នៅក្រោមការ គ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី និងក្រុមបំបែកខ្លួនកាលពីខែឧសភា បន្ទាប់ពីមានការឡោមព័ទ្ធអស់ រយៈពេលជាច្រើនខែ។ រុស្ស៊ី ដែល បាន ឈ្លានពាន អ៊ុយក្រែន នៅ ថ្ងៃ ទី២៤ ខែ កុម្ភៈ កំពុង ប្រយុទ្ធ ដើម្បី ដណ្តើម យក តំបន់ Donetsk និង Luhansk ទាំងមូល។

យោងតាមលិខិតពីរដាច់ដោយឡែកពីគ្នា សាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយ ខ្លួនឯង តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានជូនដំណឹងដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងពីរថា កប៉ាល់របស់ពួកគេគឺជាកម្មវត្ថុនៃ «ការរឹបអូសដោយបង្ខំជាទ្រព្យសម្បត្តិរដ្ឋ» ដោយគ្មានសំណងណាមួយដល់ម្ចាស់ទេ។

ជុំវិញបញ្ហានេះ មន្ត្រីរបស់ Donetsk មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអត្ថាធិប្បាយតាម អ៊ីមែលទេខណៈអ្នកផ្សេងទៀត មិនអាចទាក់ទងបានតាមទូរស័ព្ទ។

ម្ចាស់របស់កប៉ាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ Smarta ដែលមានទង់ជាតិលីបេរីយ៉ា ដែលជាក្រុមហ៊ុន មួយក្នុងចំណោមពីរដែលត្រូវបានប្លន់ បាននិយាយថា ខ្លួនបានដឹងពីការរឹបអូសតាមអ៊ីមែលកាល ពីថ្ងៃទី៣០ ខែមិថុនា ដោយបានហៅវាថា ជារឿងខុសច្បាប់ និងបំពានគ្រប់បទដ្ឋាននៃច្បាប់អន្តរ ជាតិ៕