វិមានក្រឹមឡាំង ចោទលោកខាងលិចថា រារាំងអ៊ុយក្រែន មិនឱ្យគិតពី «សន្តិភាព»


 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានចេតនាអូស បន្លាយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិចមួយចំនួនកំពុងរារាំង ទីក្រុងកៀវពីការគិតអំពី កិច្ចចរចាសន្តិភាព។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី រ៉ូស៉ីយ៉ា វ័ន (Rossiya 1) លោក ប៉េសកូវ ត្រូវបានចោទ សួរថាតើមូលហេតុអ្វីបានជាមេដឹកនាំលោកខាងលិច ដូចជា អាល្លឺម៉ង់ ឬបារាំង មិនបានទាក់ទង មកកាន់លោក ពូទីន។ ឆ្លើយតបនឹងសំណួរនេះដែរ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា នេះគឺជា សញ្ញាមួយដែលបង្ហាញលោកខាងលិចមិនចាប់អារម្មណ៍ក្នុងការសម្រេចបានសន្តិភាពតាមរយៈកិច្ចចរចានោះទេ។ «នៅពេលនេះលោកខាងលិច មានចេតនាអូសបន្លាយសង្រ្គាម នៅអ៊ុយក្រែន។ ជំហររបស់ប្រទេសលោកខាងលិច ដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន កំពុងនាំពួកគេទៅរកស្ថាន ភាពមួយដែលធ្វើឲ្យអ៊ុយក្រែនគ្មាន ពេលវេលា ដើម្បីគិតអំពីដំណើរការចរចាស្វែងរកសន្តិភាព ឡើយ»។ នេះការបញ្ជាក់របស់លោក ប៉េសកូវ៕