(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបលើក ៧១ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា ចូលជា សមាជិករបស់អង្គការយូណេស្កូ (UNESCO) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផលិតវីដេអូស្តីពី ការអបអរសាទរសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ដែលបានបញ្ចូលក្នុងបញ្ជីរបស់អង្គការនេះ។
អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ អង្គការនេះ ធ្វើ បេសកកម្មពិសេស ក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ច សហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ ទំនង។
កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ យូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយ អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជា មធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់ ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។ ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់ តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហា សន្និបាទអង្គការយូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភព លោកនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ ២០១៧។
ចំណែកសម្បត្តិវប្បធម៌អរូបិយរបស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូផងដែរ រួមមាន៖ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ៕