លោក ហ្សេលេនស្គី សម្ដែងក្ដីបារម្ភ ក្រោយបេឡារុស បង្ហាញសញ្ញាចង់ចូលជួយរុស្ស៊ី


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រទេសរបស់លោកបានឈរនៅ ពីក្រោយគាំទ្រុរស្ស៉ី យ៉ាងពេញទំហឹងនៅក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលលោកខាងលិច ហៅថាជាការឈ្លានពាន ចំពោះមុខ ការបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងលូកដៃដោយផ្ទាល់ក្នុង សង្រ្គាម។ ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយរំឮកខួប នៃការរំដោះទីក្រុងមីនស្កិ៍ដោយកងទ័ពសូវៀត អំឡុងសង្រ្គាម លោកលើកទី២។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបេឡារុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងទទួលរងការរិះគន់ដែល ជាប្រទេស តែមួយគត់ នៅលើពិភពលោកគាំទ្ររុស្ស៉ី នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកណាហ្ស៉ី។ យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៉ី»

សូមជម្រាបថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក បេឡារុស ត្រូវបានគេសង្ស័យថា អាច នឹងចូលជួយរុស្ស៉ី តែលោក លូកាសិនកូផ្ទាល់ក៏ធ្លាប់បាន អះអាងជាច្រើនលើកដែរថាប្រទេសរបស់ លោកនឹងមិនចូលរួមនោះឡើយ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី យល់ថា ការលើកឡើងរបស់លោក លូកាសិនកូ បានបង្ហាញ «ជាសញ្ញាមួយ» ហើយសកម្មភាព របស់លោកគួរតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈ ក្រុមមន្ត្រីអ៊ុយក្រែន ជឿថា បេឡារុសអាចនឹងចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមឆាប់ៗនេះ៕