(ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yanagawa Shinji អនុប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្ប ទានឥតសំណងសម្រាប់គម្រោង អាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ដែលមាន ទឹកប្រាក់ចំនួន ៣៦៣ លានយ៉េនជប៉ុន (ឬប្រមាណ ២,៦៨១,៨០៧.៧០ ដុល្លារអាមេរិក)។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង JICA បានក្លាយជាឯកសារស្របច្បាប់ បន្ទាប់ពីលិខិតប្ដូរសារត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រវាងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដែលទទួលបាន គឺបញ្ជាក់ថា គម្រោងនេះមានគោលបំណងជួយគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្សដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាលដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គម កម្ពុជា។ គម្រោងនេះមានគោលបំណងផងដែរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និង បទពពិសោធន៍ក្នុងប្រទេសជប៉ុន។
កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រីកម្ពុជាចំនួន២៦នាក់ទៅសិក្សានៅប្រទេសជប៉ុន ដែល បេក្ខជនចំនួន ២៤ នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីថ្នាក់អនុបណ្ឌិត និង ២នាក់ សម្រាប់ កម្មវិធីថ្នាក់បណ្ឌិតសម្រាប់កម្មវិធី JDS ក្រោមកិច្ចព្រមព្រៀងថ្មីនៃហិរញ្ញប្បទានឥតសំណងនេះ។
កម្មវិធីអាហារូបកណ៍ JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់ រយៈពេលជាង ២០ ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង ៥០០នាក់ដែលបានទទួល អាហារូបករណ៍បន្តការសិក្សាថ្នាក់ អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។
គម្រោងនេះ ពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ ខ្ពស់ និងជាអ្នកដឹកនាំដែលកំពុងបម្រើការងារក្នុងក្រសួង នានាក្នុងប្រទេសកម្ពុជា៕