កម្ពុជា ចរចា ជាមួយចិន គ្រោងបង្កើនចំនួនជើងហោះហើរឱ្យបានយ៉ាងហោចណាស់៦ជើង ក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដានេះទៅ


 (ភ្នំពេញ)៖ កម្ពុជានិងចិនកំពុងចរចាគ្នា ដើម្បីបង្កើនចំនួនជើងហោះហើរឱ្យបានយ៉ាងហោចណាស់ ៦ជើង ក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដានេះទៅ ខណៈចិនបានបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនសម្រាប់ អ្នកដំណើរចេញចូលប្រទេសខ្លួន។

ថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដានេះ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនជើងហោះហើររវាងចិន និងកម្ពុជាមានតែចំនួន៤ ជើងប៉ុណ្ណោះ ក្នុងនោះពីកម្ពុជាចំនួន២ជើង និងពីចិនមកវិញចំនួន២ជើង ដែល បានបង្កើនកាលពីខែ ដើមខែមិថុនាមក។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាជាមួយភាគីចិនបន្តទៀត ដើម្បីឱ្យឈានឡើងដល់ ៦ជើងក្នុងមួយសប្តាហ៍ ដែលក្នុងនោះ បីជើងហោះហើរពីកម្ពុជាទៅចិន និង៣ជើងហោះហើរពីចិន មកកម្ពុជាវិញ ដែលអាចនឹងចាប់ផ្តើមពីខែកក្កដានេះទៅ ដោយអាស្រ័យលើការឯកភាពពីប្រទេស ចិន។

ឯកឧត្តម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះមានការវិវត្តកើនឡើងវិញបន្តិចម្តងៗជាមួយ ភាគីចិន ពីមុនគាត់ឱ្យមួយសប្តាហ៍មួយជើងពីប្រទេសនីមួយៗទៅ តែឥលូវក្នុងមួយសប្តាហ៍គាត់ឱ្យពីរ ជើងបានន័យថា គាត់មកយើងពីរជើង យើងហោះទៅគាត់២ជើង ចឹងសរុបទីផ្សារចិន៤ជើង។ ក្រុមហ៊ុនចំនួនបីដែល យើងដាក់អនុវត្តឱ្យគាត់ហោះ ដាក់កាលវិភាគគ្នា ធ្វើមិចហោះហើរក្នុងមួយ អាទិត្យ ឱ្យបាន២ជើង។ […] ហើយថ្ងៃក្រោយទៀតគាត់អាចបន្ធូបន្ថយបង្កើនជើងតាមហ្នឹងទៀត អាស្រ័យលើគោលនយោបាយរបស់ចិន យើងមិនអាចធ្វើការព្យាករណ៍ត្រូវទេ»

ឯកឧត្តម បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ តម្លៃសំបុត្រយន្តហោះរវាងចិន និងកម្ពុជានៅតែថ្លៃ ដោយ សារចំនួនជើងហោះហើរមានកំណត់។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានកែតម្រូវលក្ខខ័ណ្ឌ ជាច្រើនក្នុងការបង្ការ និង គ្រប់គ្រងពីចម្ងាយពីការឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះបានចិនលុប ចោលការធ្វើ«ចត្តាឡីស័ក»នៅកម្ពុជា មុនហោះទៅចិន។ ពោលគឺចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២២ នេះតទៅ សម្រាប់អ្នកដំណើរពីកម្ពុជា មុនពេលចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន មិនចាំបាច់ធ្វើ ចត្តាឡីស័កទៀតឡើយ ដោយគ្រាន់តែអ្នកដំណើរទាំងអស់បំពេញការធ្វើតេស្តចំនួន២ដង មុនពេល ចេញដំណើរនៅស្ថាប័នស្របច្បាប់ចំនួន២ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និង មន្ទីរ ពេទ្យព្រះកេតុមាលា។ ការធ្វើតេស្តលើកទី១ធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង លើកទី២ ត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលឡើងយន្តហោះនៅមន្ទីរ ពេទ្យព្រះកេតុមាលា។ កាលពីថ្ងៃ ទី២៨ មិថុនា ប្រទេសចិនបានប្រកាសកាត់បន្ថយរយៈពេលធ្វើ ចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសរបស់ខ្លួនពី១៤ថ្ងៃ មកនៅត្រឹម ៧ ថ្ងៃវិញ។ ការប្រកាសលក្ខខណ្ឌបន្ធូបន្ថយជាលើកដំបូងនេះ គឺជាការបន្ធូរបន្ថយដ៏សំខាន់នៃវិធានការ ការពារកូវីដ ១៩ ដែលប្រទេសនេះធ្លាប់តែអនុវត្តតឹងរឹង។

យោងតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងឧសភា ឆ្នាំ២០២២នេះ ជើង ហោះហើរក្នុងស្រុកមានចំនួន១៩៨ជើង ថយចុះ១៤% បើធៀបនឹងមេសា ឆ្នាំ២០២២ តែបើធៀបជា មួយខែឧសភាឆ្នាំ២០២១ កើនឡើង៩២%។ ចំនួនអ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកមានចំនួន ៨ ០២៨ នាក់ កើនឡើង១៧% បើធៀបនឹង កាលពីខែមុន និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង៧៧១%។ ចំណែកជើងហោះហើរក្រៅស្រុក មានចំនួន ១ ៨១៦ ជើង បើធៀបនឹងកាលពី ខែមុន កើនឡើង២៣% និងធៀបជាមួយខែឧសភា ឆ្នាំ២០២១ កើនឡើង១៣៣%។
រីឯអ្នកដំណើរក្រៅស្រុកវិញ មានចំនួន ១៥៥ ០២០នាក់ កើនឡើង៧៧១% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២១។ ដោយឡែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីក្រៅប្រទេសមានចំនួន ៤ ៨៣២តោន កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕