សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណសប្បុរសជន ដែលចូលរួមបរិច្ចាគថវិកាដើម្បីបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសបុក ថ្លែងអំណរគុណដល់សប្បុរសជន ដែលចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ដើម្បីបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេស ខណៈពេលនេះ រាជរដ្ឋាភិបាលបានទទួលពីសប្បុរសជនជាង៥លានដុល្លារហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ព្រឹកម៉ិញថ្ងៃ០១ កក្កដា ២០២២ ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ ខ្ញុំបានអំពាវនាវឱ្យសប្បុរសជនចូលរួម បំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីន នៅឆ្នាំ២០២៥។ អ្វីដែលសំខាន់ជាងទៀតគឺការឈានទៅបញ្ចប់នៅសោកនាដកម្មលើប្រជាជនកម្ពុជា ដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតករលាក់មុខ ដែលនៅសេសសល់លើទឹកដីកម្ពុជា។

ឆ្លើយតបតាមការអំពាវនាវនេះ មកដល់ពេលនេះ មានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញ បានចូលរួមប្រមាណជាង៦លានដុល្លាររួចមកហើយ ដែលខ្ញុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត ដើម្បីឱ្យទឹកដីដ៏កំសត់មួយនេះរួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន។

ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើទំនាក់ទំនងទៅ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីតាមលេខទូរស័ព្វ ០១២ ៩៦១ ៩៧១ ដែលនឹងប្រម៉ូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។

សូមអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្ត និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចទទួលបានរបាយការណ៍ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ។

បន្ទាប់ពីមានការអំពាវនាវនេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៕