(ម៉ាឌ្រីដ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះថា បានប្រាប់ទៅកាន់ប្រទេសស៊ុយអែត និងហ្វាំងឡង់ថា លោកនៅតែអាច រារាំងដំណើរការចូលជាសមាជិកអង្គការណាតូ (NATO) របស់ប្រទេសទាំងពីរបាន ប្រសិនបើពួកគេ បរាជ័យក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាមួយទីក្រុងអង់ការ៉ា (Ankara)។
លោក អឺដូហ្កាន់ បានចេញការព្រមានចំៗ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលណាតូ ដែលសម្ព័ន្ធមិត្តដឹក នាំដោយសហរដ្ឋអាមេរិកបានអញ្ជើញស៊ុយអែត និងហ្វាំងឡង់ ឲ្យចូលរួមកិច្ចប្រជុំជាមួយសមាជិ កទាំង៣០ប្រទេស។ អនុស្សរណៈចំនួន១០ចំណុច ដែលចុះហត្ថលេខាដោយតួកគី, ស៊ុយអែត និងហ្វាំងឡង់ នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ ត្រូវបានរំលេចឡើងដើម្បីដោះស្រាយកង្វល់ជា ច្រើនរបស់លោក អឺដូហ្កាន់។
យ៉ាងណាក៏ដោយ លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានថា បើទោះបីជាមានការចុះហត្ថលេខា លើអនុស្សរណៈនេះក្តីមិនមែនមានន័យថាតួកគី នឹងអនុម័តដោយស្វ័យប្រវត្តិនូវសមាជិកភាពរបស់ ស៊ុយអែត និងហ្វាំងឡង់នោះទេ ប៉ុន្តែវាអាស្រ័យលើឥរិយាបថរបស់ប្រទេសទាំងពីរ នាពេលខាងមុខ ដែលអាចឲ្យតួកគី បញ្ជូនសំណើរនេះទៅកាន់សភារបស់ខ្លួនដែរ ឬទេ៕