ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារពេលការចុះបញ្ជី ដល់អ្នករកស៊ីតាមអនឡាញ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២


 (ភ្នំពេញ)៖យោងតាមសេចក្ដីជូនដំណឹង ដែល ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ គឺ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលការផាកពិន័យចំពោះ ការដាក់ ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យ ចំពោះការយឺតយ៉ាវសម្រាប់ការ ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។

ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមក ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី។

រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែល រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង តទៅ។

ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាជីវកម្មនោះ នឹងត្រូវទទួល ការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និង សាខាក្រុមហ៊ុន បរទេសទាំងអស់ ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី៕