(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នំា ២០២២ បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីបាឋកថាក្រោមប្រធានបទស្តីពី «សក្តានុពល និងអត្ថ ប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចូលជាធរមាន» ជូនសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីទាំងអស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល នៅសហសាលសាលាភូមិន្ទរដ្ឋ បាល។ សម្រាប់កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ ដែលបានចូលជាធរមាន គឺកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ២នេះ បានចូលជាធរមាន នៅថ្ងៃ ទី១ ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយ មុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករ ទៅវិញទៅមករវាង ប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះមិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (CCFTA) ត្រូវបានអះអាងថា កម្ពុជានឹង នាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់ ៥ភាគរយ គឺចុះក្នុងរយៈពេល ១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពល ១០មុខ មានដូចជា ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃ លិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីទាញយកប្រយោជន៍កាន់តែ ច្រើនពី CCFTA ។
ដោយឡែក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (RCEP) មានការចូលរួមប្រទេស ចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមាន ប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជ កម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។
ក្នុងឱកាសធ្វើបាថកថានោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដែរថា កម្ពុជាក៏មានផែនការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានជាអាទិ៍ ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៉ី ឥណ្ឌា រុស្ស៉ី ជប៉ុន និងម៉ុងហ្គោលីជាដើម។
ពាក់ព័ន្ធនឹងសាលាភូមិន្ទរដ្ឋបាល គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ សលានេះបានបណ្តុះ បណ្តាល សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមធ្យម សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់- មន្ត្រី គ្រប់គ្រងរដ្ឋបាល- មន្ត្រីមធ្យម- មន្ត្រីក្រមការ ព្រមទាំងសិក្ខាកាមវគ្គខ្លី និងមន្ត្រីក្របខណ្ឌថ្មី សរុប ចំនួន ១៦៦០៦នាក់ (ស្រី ៣៨០៧នាក់ ស្មើនឹង ២៣%)។ នេះបើតាមការបញ្ជាក់ របស់លោក ស៊ុង វិនទិ តំណាងលោក យក់ ប៊ុនណា រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយក សាលាភូមិន្ទរដ្ឋបាល ថ្លែងក្នុងឱកាសកម្មវិធីបាថកថាខាងលើ៕