អ៊ុយក្រែននិងរុស្ស៉ី ដោះដូរឈ្លើយសឹកគ្នា ១៤៤នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីកើតមានសង្រ្គាម


 (កៀវ)៖  តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Guardian នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺបានអោយដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែនបានប្រកាសពីការ ដោះដូរអ្នកទោសសង្រ្គាម ក្នុងចំនួនធំបំផុត ចាប់តាំងតែពីសង្រ្គាមជាមួយរុស្ស៉ី បានផ្ទុះឡើង ដោយ ខាងខ្លួនទទួលបានមកវិញ នូវទាហានអ៊ុយក្រែនសរុបចំនួន ១៤៤នាក់ ក្នុងនោះ៩៥នាក់ គឺជាក្រុម អ្នកប្រយុទ្ធ ដែលបានការពាររោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅទីក្រុងម៉ារីយូប៉ូល (Mariupol)។ អាជ្ញាធរស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានប្រកាសពីដំណឹងខាងលើតាមប្រព័ន្ធ តេឡេក្រាម (Telegram) យ៉ាងដូច្នេះថា «នេះគឺជាការដោះដូរធំបំផុត គិតចាប់តាំងពីការឈ្លានពាន របស់រុស្ស៉ី។ ក្នុងចំណោម កងកម្លាំង១៤៤នាក់ ដែលរុស្ស៉ីដោះលែងមកវិញ មាន៩៥នាក់ ដែលជា អ្នកប្រយុទ្ធការពាររោងចក្រ Azovstal»

សូមជម្រាបថា បើតាមសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ របស់ក្រសួងការពារជាតិរុស្ស៉ីវិញ ការដោះដូរអ្នកទោសសង្រ្គាមចំនួន ១៤៤នាក់នោះ ជាមួយអ៊ុយក្រែន ត្រូវបានរៀបចំឡើង ក្រោម ការចេញបញ្ជាដោយផ្ទាល់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ ទន្ទឹមគ្នា ក្រសួងការពារ ជាតិរុស្ស៉ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនសរុបជាង ៦,០០០នាក់ ត្រូវបានចាប់ខ្លួន ឬក៏ទម្លាក់ អាវុធចុះចាញ់ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕