(វីយែន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ ទី៣០ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា អង្គការនៃប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC + បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងប្រកាន់ ខ្ជាប់នូវការជំរុញទិន្នផល ដូចអ្វីដែលបានសម្រេចពីមុន សម្រាប់ខែសីហា ទោះបីជាមានការអំពាវ នាវឱ្យមានការបង្កើនទិន្នផលបូមប្រេង ដើម្បីរក្សាតម្លៃប្រេងឆៅក៏ដោយ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ប្រេង ដោយបានធ្វើឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ។
បន្ទាប់ពីការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ី ដោយសារតែការលុកលុយ នោះ អង្គការ OPEC+ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីដើមខែមិថុនាបានយល់ព្រម បើកដំណើរការម៉ាស៊ីនឱ្យកាន់តែទូលំទូលាយជាងការរំពឹងទុក។
ប្រទេសសមាជិកទាំង១៣ នៃអង្គការប្រទេសនាំចេញប្រេងដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និង រុស្ស៉ី និងប្រទេសដៃគូចំនួន១០ របស់ខ្លួនបានកាត់បន្ថយផលិតកម្មយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយ សារជំងឺរាតត្បាតសកលកូវីដ១៩។
ចាប់ពី ខែ ឧសភា ឆ្នាំមុន ពួកគេចាប់ផ្តើម បង្កើនផលិតកម្មជាបណ្តើរៗ ម្តងទៀត។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក និងអ្នកប្រើប្រាស់ប្រេងសំខាន់ៗផ្សេងទៀតបាន បង្កើនសំណើដើម្បីបង្កើនទិន្នផលប្រេងឲ្យបានកាន់តែច្រើនឡើង។
ប៉ុន្តែសមាជិក OPEC+ មួយចំនួនបាននិងកំពុងខកខានក្នុងការបំពេញកូតាទិន្នផល របស់ខ្លួនខណៈ ដែលអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ហើយឥឡូវនេះក៏រុស្ស៊ីផងដែរ ត្រូវបានរារាំងដោយទណ្ឌកម្មលោក ខាងលិច៕